ខ្ទឹមបារាំងជាបន្លែមួយប្រភេទយ៉ាងសំខាន់សម្រាប់បម្រើដល់ការហូបចុកជាប្រចាំថ្ងៃ។មើមខ្ទឹមបារាំងមានជីវជាតិដូចជាវីតាមីន និងជាកាល់ស្យូម។
គេអាចយកខ្ទឹមបារាំងទៅធ្វើជាអាហារដូចជា យកទៅឆា ស្ងោរស៊ុប សម្លការី…។ល។ ការជ្រើសរើសពូជ ត្រូវជ្រើសរើសយកពូជដែលមានគុណភាពល្អ មើមធំទិន្នផលខ្ពស់ ជ្រើសរើសពូជណាដែលមានរយៈពេលខ្លីធន់ទ្រាំនឹងជម្ងឺ និងសត្វល្អិត។ពូជដែលមានអត្រាដំណុះពី ៨០-៩៥%។ ការជ្រើសរើសដីដាំដុះ ត្រូវជ្រើសរើសរកដីទូលមិនលិចទឹក មានពន្លឺគ្រប់គ្រាន់។ ដីដែលសមស្របសម្រាប់ដីខ្ទឹមបារាំងជាប្រភេទដីល្បាយខ្សាច់ដូចជាដីមាត់ទន្លេ ឬ ដីដែលសំបូរជាតិផូស្វាត ប៉ូតាស្យូម ។ រដូវកាលដាំដុះ គេអាចដាំខ្ទឹមបារាំងបាននៅចុងរដូវភ្លៀង ឯរដូវដែលល្អជាងគេគឺរដូវរំហើយដែលមានធាតុអាកាសត្រជាក់ល្អ។
ការរៀបចំដីធ្វើថ្នាល ភ្ជួរដីអោយបាន ២-៣ដង ជម្រៅពី១៥-២០ស.ម វាយបំបែកដីអោយម៉ត់ដើម្បីអោយខ្យល់អាកាសចេញចូលបានល្អ ទឹកងាយជ្រាបចូល រក្សាសំណើមបានយូរនិងអាចអោយឬសខ្ទឹមបារាំងចាក់ចូលក្នុងដី ស្រូបយកជីជាតិបានស្រួល។ ការធ្វើថ្នាល ទទឹង១ម៉ែត្រ បណ្ដោយតាមលទ្ធភាពដី កម្ពស់ ០.១០ម-០.១៥ ម។ ការដាក់ជីទ្រាំបាត ពេលធ្វើរងសាបបានរួចរាល់ហើយត្រូវយកជីមករាយអោយស្មើរួចកាប់ត្រឡប់ទៅក្នុងដី រាស់អោយស្អាត។ ជីលាមកគោចំនួន ៣គ.ក្រ ក្នុងដី១ម៉ែត្រការេ ជី ១៥.១៥.១៥ ចំនួន៣០ក្រ ក្នុងដី១ម៉ែត្រការេ ជីអាចម៍មាន់ចំនួន ៣០០ក្រ ក្នុងដី១ម៉ែត្រការេ ការសាបគ្រាប់ ត្រូវយកគ្រាប់ខ្ទឹមទៅលាយជាមួយផេះ(គ្រាប់មួយភាគ ផេះបួនភាគ )រួចយកទៅសាបនៅលើថ្នាលស្ដើងៗនិងរោយផេះជុំវិញថ្នាលការពារស្រមោចចូលស៊ីគ្រាប់។ រួចយកចំបើងខ្លីៗទៅគ្របពីលើដើម្បីអោយទឹកដក់លើថ្នាលបានយូរ លុះត្រាតែកូនខ្ទឹមបារាំងចេញពន្លកទើបបើកចេញ។ស្រោចទឹក៣ដងក្នុងមួយថ្ងៃ ដោយប្រើធុងមានផ្កាឈូក។ ការៀបចំដីនិងលើករង ត្រូវភ្ជួរដីអោយបានច្រើនសារមានជម្រៅ ២០ស.ម រួចវាយបំបែកដីឲ្យម៉ត់ដើម្បីលើករងដាំ ។ ត្រូវលើករងមានកម្ពស់១០ស.ម ទទឹង ១ម បណ្ដោយតាមលទ្ធភាពដីដែលមាន។
ការដាំដុះ ត្រូវដកកូនដាំនៅពេលរសៀលត្រជាក់ដើម្បីកុំឲ្យកូនខ្ទឹមស្វិត ឬស្លោកដោយសារកម្ដៅថ្ងៃ ។ គេអាចដកកូនខ្ទឹមបារាំងទៅដាំនៅពេលវាមានអាយុ ៣០ ទៅ ៣៥ ថ្ងៃគឺនៅពេលឃើញមានស្លឹក៣ទៅ៤ហើយជ្រើសរើសយកកូនណាល្អ ដើមរឹងមាំ គ្មានជម្ងឺ ឬ សត្វល្អិតបំផ្លាញ ។ ដាំកូនខ្ទឹមនៅចន្លោះជួរ ០.១៥ ម ចន្លោះគុម្ព ០.១០ ម ។ ការដាក់ជីក្នុងដី១ម៉ែត្រការេ លើកទី១ មុនពេលលើករងដាំ ជីលាមកគោ ចំនួន៣ទៅ៥គីឡូក្រាម ផេះចំនួន១០០គីឡូក្រោម ជី១៥.១៥.១៥ ចំនួន៣០ ទៅ ៥០ ក្រាម លើកទី២ ពេលខ្ទឹមបារាំងចាប់ផ្ដើមមើម(ក្រោយពេលស្ទូងបានមួយខែ) ជី ១៥.១៥.១៥ចំនួន៣០ក្រាម ស្រោចជីអ៊ុយរ៉េ ២ស្លាបព្រាបាយលាយជាមួយទឹក២០លីត្រ (១សប្ដាហ៍ស្រោចម្ដង)ពេលដាំរួចបានមួយសប្ដាហ៍ ។
ការប្រមូលផល គេអាចប្រមូលផលបាននៅពេលស្លឹកវាចាប់ផ្ដើមងាប់ សំបកមើមឡើងពណ៍ក្រហម ឬស និងមើមលេចចេញពីដី ពូជខ្លះអាចប្រមូលផលពី ១២០ទៅ១៧០ថ្ងៃក្រោយពេលសាប។
ដកស្រង់ពី៖នាទីកសិកម្ម