កម្ពុជា រកចំណូលបានជាង៧៦លានដុល្លារពីការនាំចេញផ្លែចេកស្រស់នៅ៥ខែឆ្នាំនេះ

ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានសញ្ញាណវិជ្ជមានមកទល់ពេលនេះ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៧៦លានដុល្លារ កើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញអះអាងថា ការកើនឡើងនេះ ក៏ដោយសារផ្លែចេកស្រស់កម្ពុជា នាំចេញទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើង។អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន បានគូសបញ្ជាក់ថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ៥ខែឆ្នាំនេះ នៅតែរក្សាបានកំណើនវិជ្ជមាន ដោយសម្រេចបានការនាំចេញជាង១២ម៉ឺនតោន កើនឡើងជាង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងតម្លៃនាំចេញសរុបជាង៧៦លានដុល្លារកើនឡើងជាង២១%។

ការកើនឡើងនៃការនាំចេញនេះ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា ក៏ដោយសារតម្រូវការផ្លែចេកស្រស់របស់កម្ពុជា ពីទីផ្សារប្រទេសចិន នៅតែមានកំណើនខ្ពស់ ពោលគឺទិន្នផលផ្លែចេកស្រស់របស់កម្ពុជា ប្រមាណ៩៧% ត្រូវបាននាំចេញទៅទីផ្សារប្រទេសចិន គួបផ្សំផ្ទៃដីដាំដុះដំណាំចេករបស់កម្ពុជា មានការកើនឡើង។

បើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ តម្លៃផ្លែចេកស្រស់កម្ពុជា បច្ចុប្បន្នមានតម្លៃចន្លេះពីជាង៦០០ដុល្លារទៅ៧០០ដុល្លារក្នុង១តោន។ យ៉ាងណាមិញ សម្រាប់ការដាំដុះដំណាំចេកបច្ចុប្បន្នវិញ ត្រូវបានអ្នកឧកញ៉ា ឱ្យដឹងថា កសិដ្ឋានខ្លះមានការពង្រីកផ្ទៃដីដាំដុះច្រើន ខណៈកសិដ្ឋានខ្លះក៏បានកាត់បន្ថយការដាំដុះផងដែរ ដោយសារពួកគេជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងជំងឺរលាកស្លឹកលឿងលើដំណាំចេក ប្រសិនបើពួកគេថែទាំមិនបានដិតដល់ល្អ៕

ដកស្រង់ពី៖វិស័យកសិកម្ម