ល្អណាស់! ក្រុមហ៊ុនធំ១ បានបញ្ជាទិញគ្រាប់ពោតក្រហមជាង២០០តោន ពីកសិករនៅខេត្តត្បូងឃ្មុំ

នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាកសិករ ខណៈថ្មីៗនេះក្រុមហ៊ុន Agro King Trading Co.,Ltd. បានបញ្ជាទិញពោតក្រហមរហូតដល់ទៅ ២៥០តោន ពីកសិករ នៅក្នុងខេត្តត្បូងឃ្មុំ។

ជាក់ស្តែង កាលពីថ្មីៗនេះ ឯកឧត្តម គី ច័ន្ទរំដួល ដែលជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីសម្របសម្រួលឱ្យក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ជាជំហានដំបូងក្រុមហ៊ុន Agro King Trading Co.ltd បានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម។ បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យទីតាំងទិញលក់ពោតក្រហម (សៃឡូ) របស់លោក ភិន ភិរិន នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចុះពិនិត្យដល់កំពង់ផែស្វយ័តភ្នំពេញ សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

ដកស្រង់ពី៖Business Cambodia