បច្ចេកទេសដាំដុះ ម្ទេសហាវ៉ៃ

ម្ទេសហាវ៉ៃ ជាប្រភេទបន្លែដែលមានគុណប្រយោជន៍ សម្រាប់សុខភាព និងអាចច្នៃជាមុខម្ហូបបានច្រើនបែប។ម្ទេសហាវ៉ៃ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖

មានថាមពល ជាតិខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិស្ករ បេតាការ៉ូទែន ប៉ូតាស្យូម អាស៊ីតហ្វូរឡាត មានវីតាមីនA, B6, C, E ជាដើម។ លើសពីនេះ ម្ទេសហាវ៉ៃ ជួយកាត់បន្ថយសម្ពាធឈាម ជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជួយសុខភាពរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជួយសុខភាពភ្នែក ជួយការពារភាពស្លេកស្លាំង ម្ទេសហាវ៉ៃ វាមានពណ៌ច្រើនដូចជា៖

ពណ៌បៃតង ពណ៌លឿង ពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ស និងពណ៌ស្វាយ។ ប៉ុន្តែនៅប្រទេសកម្ពុជាយើង ប្រជាកសិករនិយមដាំជាងគេគឺពណ៌បៃតង។ ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះម្ទេសហាវ៉ៃ ដើម្បីទទួលបានទិន្នផលល្អ៖លក្ខខ័ណ្ឌដី ជាទូទៅម្ទេសហាវ៉ៃ អាចលូតលាស់ស្ទើរគ្រប់ប្រភេទដី ប៉ុន្តែប្រភេទដីអាស៊ីដ ឬបាសមិនសមស្របសម្រាប់ការដាំដុះម្ទេសឡើយ។

វាអាចធន់ទ្រាំទៅលើដីមានកំរិតអាស៊ីដខ្សោយនិងដីល្បាយខ្សាច់ មានpH ៦ – ៦.៥ ប៉ុន្តែវាត្រូវការសារាធាតុសរីរាង្គបន្ថយជាស្អិត និងងាយស្រួលរក្សាសំណើម។កាលណាសំណើមដីចាប់ពី៥៥.៦ ទៅ ៥៧.៤% វាធ្វើឲ្យក្តឹបជ្រុះតែ២០ -៣០% ប៉ុណ្ណោះ។ ម្ទេសហាវ៉ៃ ជាប្រភេទដំណាំដែលអាចដុះលូតលាស់បានល្អលើដីឥដ្ឋស្រាលដែលសំបូរសារធាតុចិញ្ចឹម ជាពិសេសដីមានជាតិកំបោរជ្រាបទឹករហ័សនិងសំបូរសារធាតុខនិជ។ បើដីល្បាយខ្សាច់កូនម្ទេសអាចលូតលាស់ល្អនិងចាក់ឬសបានជ្រៅ ប៉ុន្តែត្រូវការផ្តល់ទឹកនិងជីតាមវិធីសាស្រ្តណែនាំដើម្បីបានទិន្នផលខ្ពស់។ បើលើប្រភេទដីខ្មៅហើយស្អិតមធ្យម ត្រូវមានប្រលាយបញ្ចេញទឹកទើបល្អ ដើម្បីការពារកុំឲ្យរលួយកូនម្ទេស។ លក្ខខ័ណ្ឌអាកាសធាតុ ដំណាំម្ទេសហាវ៉ៃ អាចលូតលាស់ក្នុងលក្ខខ័ណ្ឌអាកាសធាតុក្តៅ និងត្រជាក់ចន្លោះ២០-២៥ ºC ក្នុងអត្រាសំណើមបរិយាកាសមធ្យម ដែលដែលធ្វើអោយផ្លែម្ទេសទុំក្រហម និងមានក្លិនឆួលខ្លាំង។ អំពីសីតុណ្ហភាព ការបំរែបំរួលសីតុណ្ហភាព បណ្តាលឲ្យប្រែប្រួលខ្លាំងដល់រសជាតិម្ទេស ដែលធ្វើឲ្យម្ទេសហិល ឬមិនហិល ហើយវាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ដើម ស្លឹក ការចេញផ្កា ចំនួនផ្កា និងការលូតលាស់នៃផ្លែ។ សីតុណ្ហភាពពេលថ្ងៃ ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះនៅ១៧ ºC វាធ្វើឲ្យដើមលូតលាស់ល្អ ប៉ុន្តែប្រព័ន្ធឬសយឺត។

បើសីតុណ្ហភាពមធ្យមពេលថ្ងៃចន្លោះពី២០ -២៤ ºCហើយមានពន្លឺមិនគ្រប់គ្រាន់រយៈពេលវែងវាធ្វើឲ្យផ្លែ និងក្តឹបខ្ចីៗជ្រុះច្រើន។ បើសីតុណ្ហភាពមធ្យម កើនដល់៣០ ºC វាធ្វើឲ្យផ្លែម្ទេសធំល្អ មានទម្ងន់ធ្ងន់ ផ្លែមានរូបរាងល្អ។ សីតុណ្ហភាពមធ្យម កើនដល់៣៦ ºC វាធ្វើឲ្យផ្លែរួញខ្លី មិនសមស្របសម្រាប់លក់លើទីផ្សារ។ សីតុណ្ហភាពពេលយប់ សីតុណ្ហភាពពេលយប់ចុះទាបពី១៥ មក ៨ ºC វានិងធ្វើឲ្យជ្រុះលំអង។ សីតុណ្ហភាពពេលយប់មធ្យម ២០ºC វាជាលក្ខខ័ណ្ឌល្អមួយដែលធ្វើឲ្យផ្លែលូតលាស់បានវែងល្អ និងមានរូបរាងល្អ។ សីតុណ្ហភាពពេលយប់មធ្យម លើសពី២៥ ºC វាធ្វើឲ្យប៉ះពាល់ការលូតលាស់របស់ផ្លែ។ ពន្លឺ ឥទ្ធិពលនៃពន្លឺធ្វើឲ្យផ្លែ ស្លឹក បន្លាតត្រង់ល្អ ហើយមានពណ៌បៃតងច្បាស់។ ការបន្ថយពន្លឺព្រះអាទិត្យ៥០% ធ្វើឲ្យទងផ្កា និងផ្លែ មានទម្ងន់ហើយវាបានបង្កើនអាស៊ីតអាស្កូប៊ិចអាស៊ីដ (បន្តុំនូវវីតាមីន)ក្នុងផ្លែបានល្អ។

ប៉ុន្តែការបន្ថយឲ្យត្រូវពន្លឺព្រះអាទិត្យត្រឹមតែ៣០% វាធ្វើឲ្យទិន្នផលកើនទ្វេដង ដោយសារផ្លែម្ទេសរីកធំល្អ។ ការជ្រើសរើសពូជ ម្ទេសហាវ៉ៃ ប្រភេទដំណាំមានអាយុកាលវែង ហើយក៏ឆាប់ទទួលរងកត្តាចង្រៃផ្សេងៗពីធម្មជាតិដូចជា ជម្ងឺ សត្វល្អិតចង្រៃ និងលក្ខខ័ណ្ឌបំរែបំរួលអាកាសធាតុ។ការជ្រើសរើសេពូជមានសារៈសំខាន់ណាស់ គឺធ្វើឲ្យយើងយល់ដឹងច្បាស់ពីប្រភពរបស់គ្រាប់ពូជដែលមាន២ប្រភេទ៖ ប្រភេទពូជលូតលាស់តំបន់ត្រជាក់ៈ វាលូតលាស់បានក្នុងលក្ខខ័ណ្ឌអាកាសធាតុត្រជាក់ពូជនេះច្រើនមកពីទ្វីបអឺរ៉ុបដូចជា បារាំង សហរដ្ឋអាមេរិក ហូឡង់ កាណាដា ហើយភាគច្រើនជាប្រភេទពូជធ្ងន់។ ប្រភេទពូជលូតលាស់ក្នុងតំបន់ក្តៅមធ្យមៈ វាលូតលាស់ក្នុងលក្ខខ័ណ្ឌអាកាសធាតុក្តៅ ពូជនេះច្រើនមកពីប្រទេសចិន ជប៉ុន កូរ៉េ ។ពូជនេះមានភាពសមស្របសម្រាប់ធ្វើការដាំដុះ គឺជាពូជដែលបន្សាំល្អទៅនឹងលក្ខណៈតំបន់ ធន់ទ្រាំជម្ងឺ និងសត្វល្អិត ទទួលបានទិន្នផលខ្ពស់សមស្របទៅនឹងទីផ្សារ។

ការរៀបចំដី ដីសម្រាប់ដាំម្ទេសហាវ៉ៃ ត្រូវមានប្រភពទឹកគ្រប់គ្រាន់ ហើយជាដីដែលសំបូរជីជាតិ ជ្រាបទឹកបានរហ័ស មិនដក់ទឹក ដូចជាប្រភេទល្បប់ ដីល្បាយខ្សាច់ ឬដីក្រហមភ្នំភ្លើងដែលវាសំបូរទៅដោយគ្រប់សារធាតុចិញ្ចឹម។ ត្រូវភ្ជួររាស់ដីឲ្យបានជ្រៅ ដើម្បីបន្ថយនូវការដុះស្មៅ ភ្នាក់ងារចង្រៃផ្សេងៗ ធ្វើឲ្យដីធូរល្អ មានបន្ធុកខ្យល់អុកស៊ីសែនគ្រប់គ្រាន់ ត្រឡប់ដីជីជាតិ និងពង្រាយជីជាតិឲ្យស្មើល្អ កៀរដីឲ្យស្មើល្អងាយស្រួលស្រោចស្រព បន្ទាប់មកលើករងឲ្យខ្ពស់ របៀបលើករង លើករងទទឹង១២០សម កំពស់២០-២៥សម បណ្តោយអាស្រ័យស្ថានភាពដី ក្រោយលើករងត្រូវពង្រាបដីតាមរងនិមួយៗឲ្យស្មើ កាប់រណ្តៅគុម្ពសម្រាប់ដាំកូនម្ទេសជម្រៅពី៥-៨សម ជាជួរ ចំនួន២ជួរ ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ៦០សម ដាក់ជីកំប៉ុស ឬជីលាកមកសត្វពុកផុយល្អ ដូចជាលាមកគោ លាមកមាន់ ចំនួន១៥ ទៅ២០តោន/ហិចតា បន្ទាប់មករោយជី១៥-១៥-១៥ ៥ក្រាមតាមរណ្តៅនិមួយៗ បាញ់ថ្នាំប្រឆាំងគ្រាប់ស្មៅ ឈ្មោះAlachlor កំរិត៥០ CC លាយទឹក១៨-២០លីត្រ បាញ់ឲ្យជោគលើរង ទើបដាំតាមក្រោយ។ ការបណ្តុះគ្រាប់ពូជ គ្រាប់ម្ទេសអាចដុះពន្លកបានក្នុងលក្ខខ័ណ្ឌធម្មតារយៈពេល៩-១១ថ្ងៃ ក្រោយបណ្តុះ ប៉ុន្តែដើម្បីឲ្យគ្រាប់ឆាប់ដុះគេអាចប្រើវិធីរំញោច ដោយត្រាំគា្រប់ម្ទេសក្នុងទឹកក្តៅកំរិត ៥០ ºC រយៈពេល២០ -៣០នាទី។

បន្ទាប់មកត្រាំទឹកធម្មតារយៈពេល១យប់ រួចលាងសំអាតទឹកធម្មតា ២-៣ដង រួចផ្អាប់រយៈពេល២-៣យប់ ឲ្យកូនម្ទេសហាវ៉ៃដុះពន្លកបន្តិច រួចយកទៅត្រាំនិងសូលុយស្យុងថ្នាំផ្សិត Captan ២ ក្រាម/គ.កគ្រាប់ពូជរយៈពេល៦ម៉ោងមុនយកទៅបណ្តុះ។ ការបណ្តុះកូនម្ទេសមានវិធីសាស្រ្ត៣យ៉ាង៖ វិធីបណ្តុះថ្នាលធម្មតាៈ សាបលើថ្នាលធម្មតា ការលូតលាស់យឺត កូនម្ទេសមានអាយុ២៨ -៣៥ ថ្ងៃទើបអាចដកយកទៅដាំបាន។ វិធីបណ្តុះកេះដីខ្សាច់ៈ ដុតដីខ្សាច់ឲ្យក្តៅដើម្បីសម្លាប់មេរោគ បន្ទាប់មកចាក់ចូលកេះ ឬឡាំងកំរាស់៥-៧សម កាយឲ្យស្មើ រួចស្រោចទឹកឲ្យជោគ។បន្ទាប់មកយកគ្រាប់ពូជមករោយតាមចង្អូរដែលឆូតជម្រៅ២សម ហើយលប់ទៅវិញក្រោយមកយកចំបើងស្ងួតមកគ្របពីលើឲ្យជិតរួចស្រោចទឹកព្រឹកល្ងាច ២ ថ្ងៃក្រោយបកចំបើងចេញ។ក្រោយបណ្តុះ៥-៨ថ្ងៃអាចដកកូនទៅស្ទូងក្នុងកន្ទោង ដែលបានច្រកដីមានជីជាតិពេញក្រោមជំរកការពារពន្លឺ កំដៅថ្ងនៅពេលថ្ងៃ។ដីដែលច្រកចូលក្នុងកន្ទោងបណ្តុះឬ កញ្ច្រែងផ្សាំផ្សំឡើងដោយកំទេចដីស្ងួតហ្មត់១ភាគ ស្រកីដូងហ្មត់២ភាគ ផេះអង្កាម២ភាគ អង្កាម១ភាគ លាយបញ្ចូលគ្នាបន្ទាប់មកលាយជីP2O5 ២០% ចំនួន ១% និងកំបោរ ១% វិធីបណ្តុះកន្ទោងស្លឹកចេកឬកញ្ច្រែងបណ្តុះ (Tray) ត្រូវបំពេញដោយដីផ្សំដូចខាងលើ បន្ទាប់មកយកគ្រាប់ពូជដែលមានពន្លកបន្តិចៗទៅ ដាក់ចូលចំនួន ២-៣គ្រាប់ ជម្រៅ១-២សម ហើយគ្របចំបើងស្ងួតពីលើ ស្រោចទឹកឲ្យជោគព្រឹកល្ងាច។ក្រោយបណ្តុះ បាន២-៣ថ្ងៃយកចំបើងចេញ ក្រោយពីពិនិត្យឃើញថាគ្រាប់ពូជចេញពន្លកដំបូងពីដី។ ដើម្បឲ្យកូនម្ទេសដុញលូតលាស់ល្អ ត្រូវដកកូនម្ទេសចេញរក្សាទុកតែ១ដើមក្នុង១កន្ទោងបន្ទាប់ពីវាមានអាយុ១០ថ្ងៃក្រោយសាប ឬបណ្តុះ។បន្ទាប់ពីអាយុ១៥ថ្ងៃ។អាចយកជីអ៊ុយរ៉េចំនួន១០ក្រាម ថ្នាំសម្លាប់ផ្សិត១០ក្រាម និងថ្នាំសម្លាប់សត្វល្អិត ១៥ CC លាយទឹក១៨-២០លីត្របាញ់ឲ្យជោគនៅពេលល្ងាចត្រជាក់ ដើម្បីឲ្យកូនម្ទេសដុះលូតលាស់បានលឿន ព្រមទាំងការពារសត្វល្អិតនិងជម្ងឺផ្សេងៗ។ការសាបក្នុងកេះដីខ្សាច់ ឬកន្ទោងធ្វើឲ្យកូនម្ទេសលូតលាស់បានរហ័ស អាចដាំបានក្នុងរយៈពេល២៥-២៨ថ្ងៃប៉ុណ្ណោះ។ការដាំដុះ ដើម្បីដាំដុះក្នុងផ្ទៃដី១ហិចតា ត្រូវការគ្រាប់ពូជពី៣០០ -៣២០ក្រាម។

មុននឹងដាំរយៈពេល៥-៧ថ្ងៃ មិនត្រូវស្រោចជីបំប៉នឡើយ ស្រោចតែទឹកធម្មតា មុនយកកូនម្ទេសទៅដាំមួយថ្ងៃ ត្រូវយកថ្នាំការពារជម្ងឺផ្សិតដូចជាប្រភេទ Zineb, Mancozeb, Captan ចំនួន២៥CCឬ២០ក្រាម លាយជាមួយថ្នាំសម្លាប់សត្វល្អិតដូចជាMonocrotophos ឬ Cabary ចំនួន២៥CCឬ២០ក្រាម លាយជាមួយទឹក១៨-២០ លីត្របាញ់ឲ្យជោគ ដើម្បីការពារសត្វល្អិត និងជម្ងឺពេលយកទៅដាំនៅចំការ មុនដាំ១-២ម៉ោងត្រូវស្រោចទឹកឲ្យជោគ ត្រូវដកភ្លាមយកទៅដាំភ្លាម ដាំនៅពេលល្ងាចពេលដែលកំដៅថ្ងៃថយចុះ ត្រូវជ្រោយជីដែលដាក់ក្នុងរណ្តៅឲ្យជីធ្លាក់ទៅក្រោម ត្រូវដាំ១គុម្ព១ដើម ដាំហើយត្រូវស្រោចទឹកឲ្យជោគដើម្បីការពាររំហួត ត្រូវដាំជាជួរចន្លោ៦០សម X ៦០សម ការជ្រួយដី ការកជ្រួយដីក្នុងចំការម្ទេស គឺដើម្បីពន្យាពេលលូតលាស់ស្មៅ ធ្វើឲ្យដីធូរ រក្សាសំណើមបានល្អ ជីជាតិរលាយបានលឿន សម្រួលដល់ការលូតលាស់ប្រព័ន្ធឬស និងស្រូបយកជីជាតិទៅចិញ្ចឹមសរីរាង្គ។

អាចជ្រុំដីនិងចប ឬដោយម៉ាស៊ីនក្រោយពេលដាំបាន១៥-១៧ថ្ងៃ មុនជ្រុំដីត្រូវផ្អាកស្រោចទឹក១ថ្ងៃ ត្រូវជ្រុំឲ្យផុសដីពេញផ្ទៃរងរាក់ៗ បន្ទាប់មកពូនរងឡើងវិញ បន្ទាប់មកយកចំបើងស្ងួត ឬកំប្លោកក្រៀមៗមកគ្របឲ្យពេញផ្ទៃរង ដើម្បីកុំឲ្យដីឆាប់ហាប់និងបន្ថយការលូតលាស់របស់ស្មៅ មិនត្រូវជ្រុំជ្រួយដី នៅពេលម្ទេសចេញផ្កា ឬផ្លែឡើយ ការដាក់ជី ដំណាំម្ទេសត្រូវការសារធាតុចិញ្ចឹមច្រើនយ៉ាង ដើម្បីការលូតលាស់គ្រប់សរីរាង្គ។ក្នុង១វដ្តជីវិតរបស់វាសារធាតុដែលចាំបាច់ ហើយមានបរិមាណច្រើនជាងគេ គឺអាសូត និងប៉ូតាស្យូម ដើម្បីផលិតម្ទេសស្រស់បាន១តោន វាត្រូវស្រូបយកសារធាតុសំខាន់ៗរួមមាន៖ អាសូត ៣,៣៤ គ.ក្រ ផូស្វាត ០,៧៦ គ.ក្រ ប៉ូតាស្យូម ៤,៧៩ គ.ក្រ ការដាក់ជីដែលសមស្របគឺប្រើជីទោល (ធាតុសកម្មដាច់ៗពីគ្នា)ជាពិសេសគឺជីផូស្វាត និងជីប៉ូតាស្យូមត្រូវដាក់ចំនួន៥០%នៃជីអាសូតដែលត្រូវប្រើក្នុង១វដ្តជីវិត ប្រភេទជីនេះ គេប្រើទ្រាប់បាទមុនពេលដាំ ហើយចំនួននៃជីផូស្វាតនិងប៉ូតាស្យូមដែលនៅសល់ត្រូវដាក់លើកទី២ ពេលម្ទេសចេញផ្លែ១០០% ។ ដើម្បីឲ្យម្ទេសផ្លែច្រើន និងលូតលាស់បានយូរ គេត្រូវប្រើបរិមាណជីនីមួយៗដូចខាងក្រោម៖ ជីអាមូនីញូមស៊ុលហ្វាត ៣៥០ គ.ក្រ និងជីស៊ុបពែផូស្វាត ១៧៥ គ.ក្រ/ហ.ត វាស្មើនិងកំរិតជីអាសូត ១៦០គ.ក្រ ជីផូស្វាត ៣៦ គ.ក្រ ជីប៉ូតាស្យូម១០០គ.ក្រ /ហ.ត ដូចនេះដើម្បីឲ្យសមស្របទៅតាមរូបមន្តនៃតម្រូវការនៅប្រទេសកម្ពុជាយើងមានការកង្វះជីទាំងនោះគេអាចប្រើប្រភេទជីផ្សេងៗក្នុងការជំនួយ និងបំពេញបន្ថែមខ្លះៗគឺ៖

ដាក់មុនពេលដាំ៖ ជី ១៥-១៥-១៥ ចំនួន១៥០ គ.ក្រ/ហ.ត បាចឬដាក់តាមបាតរណ្តៅ ក្រោយដាំ ៧-១០ថ្ងៃ៖ជីអ៊ុយរ៉េ ចំនួន៦៥-៧០ គ.ក្រ/ហ.ត លាយទឹកស្រោច ក្រោយដាំ ៣៥-៤០ថ្ងៃ៖ជីផូស្វាតសុទ្ធ ចំនួន៧២ គ.ក្រ ជីប៉ូតាស្យូមក្លរួ ចំនួន១៣០ គ.ក្រ និងជីអ៊ុយរ៉េសុទ្ធចំនួន១០០ គ.ក្រ-ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន ក្រោយដាំ៥៥ថ្ងៃ៖ ជីអ៊ុយរ៉េសុទ្ធ ៦០ គ.ក្រ/ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន ក្រោយដាំ៧០ថ្ងៃ៖ ជីអ៊ុយរ៉េសុទ្ធ ៦០ គ.ក្រ/ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន ក្រោយដាំ៨៥ថ្ងៃ៖ ជីអ៊ុយរ៉េសុទ្ធ ៦០ គ.ក្រ/ហ.ត ស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន ការស្រោចស្រព ត្រូវស្រោចទឹកឲ្យសើមខ្លាំងពេលដាំហើយភ្លាមៗ រយៈពេលមួយសប្តាហ៍ បន្ទាប់មកស្រោចទឹកធម្មតា ដល់ពេលម្ទេសចេញផ្កា និងក្តឹបត្រូវបង្កើនការស្រោចទឹកឡើងវិញ ចំពោះបរិមាណទឹកដែលប្រើប្រាស់សម្រាប់ស្រោចស្រពអាស្រ័យទៅតាមប្រភេទដី និងធាតុអាកាស។គេអាចស្រោចស្រពដោយប្រើប៉ោត ដោយបាញ់ម៉ាស៊ីនជាចំហាយទឹក ឬជាបន្សាចនៃដំណក់ទឹកដែលហៅថាភ្លៀងនិម្មិតជារៀងរាល់ថ្ងៃ។ប៉ុន្តែចំពោះការស្រោចជ្រាបគឺត្រូវធ្វើអំឡុង៣-៥ថ្ងៃម្តងទៅតាមសភាពដីនិងវគ្គលូតលាស់ ជម្ងឺនិងសត្វល្អិត ជម្ងឺ ម្ទេសហាវ៉ៃ រងការបំផ្លាញដោយជម្ងឺជាច្រើនប្រភេទ និងច្រើនក្រុមដូចជា៖ ក្រុមជម្ងឺផ្សិត ដំណាក់កាលកូនសំណាប៖ ច្រើនកើតជម្ងឺរលាកគល់និងធ្វើឲ្យកូនម្ទេសស្វិតគល់ ដំណាក់កាលលូតលាស់និងផ្លែ៖ គេសង្កេតឃើញកើតជម្ងឺផ្សិត ដែលធ្វើឲ្យគល់និងឬសដុះផ្សិតហើយមានគ្រាប់ល្អិតៗ ផ្លែ៖ ជម្ងឺធ្វើឲ្យផ្លែ ស្រលាកស្ងួតបណ្តាលមកពីមេរោគ៤ប្រភេទColletotrichum, Glocosporiodes, C.Capsici. C.acutatum និងcoccodes. ស្លឹក៖ ជម្ងឺធ្វើឲ្យស្លឹកស្រលាកអ៊ុចៗ ពណ៌ត្នោតហើយសនៅចំណុចកណ្តាល ក្រុមជម្ងឺវីរ៉ុស ម្ទេសហាវ៉ៃ មានជម្ងឺវ៉រ៉ុស ៤ សំខាន់ៗ៖

វីរ៉ុសធ្វើឲ្យស្លឹកស្តើងពណ៌លឿង វីរ៉ុសធ្វើឲ្យស្លឹកខ្មូររួញ វីរ៉ុសធ្វើឲ្យស្លឹកខ្មូររមូលឡើងលើ វីរ៉ុសធ្វើឲ្យស្លឹកមានស្នាមអ៊ុចលឿងៗ ក្រុមជម្ងឺបាក់តេរី បាក់តេរីធ្វើឲ្យទន់រលួយដើម ធ្វើឲ្យផ្លែទន់ហើយរលួយពីក្នុងផ្លែ បាក់តេរីធ្វើឲ្យប្រជ្រុយស្លឹក ផ្លែ ធ្វើឲ្យមានចំណុចតូចស្លឹក ផ្កា ដើមប្រែជាពណ៌ត្នោត ឲ្យម្ទេសជ្រុះស្លឹក បាក់តេរីធ្វើឲ្យស្រពោន មិនប្រែពណ៌ ហើយគ្មានស្នាមរបួសឬសឬគល់ ជាពិសេសក្នុងវគ្គក្តិប ឬផ្លែ។ សត្វល្អិត សត្វល្អិតជាភ្នាក់ងារបង្កជម្ងឺមាន ដង្កូវស៊ីរូងផ្លែៈ ខ្លួនមានរោមពណ៌បៃតងខ្ចី ចោះចូលក្នុងផ្លែម្ទេស ដង្កូវចោះផ្លែៈ ខ្លួនវាគ្មានរោម វាចោះស៊ីផ្លែ ដើម ផ្កា និងស្លឹកខ្ចី ដង្កូវកាត់ដើមៈវាកាត់ដើមម្ទេសខ្ចីនៅពេលយប់ រួចជ្រកក្នុងដីនៅពេលថ្ងៃ។ ក្រៅពីនេះមាន៖ អណ្តើកមាសពណ៌ក្រហមស្លាទុំ១២ ចំណុចវាស៊ីជាលិកាពណ៌បៃតងស្លឹក រុយចោះផ្លែ វាចូលចិត្តអុចទិចផ្លែម្ទេស ហើយបញ្ចូលពងទៅក្នុងផ្លែ ធ្វើឲ្យផ្លែម្ទេសស្អុយមានដង្កូវក្នុងផ្លែ។ ការការពារជម្ងឺ និងសត្វល្អិត៖ ត្រូវជ្រើសរើសរដូវរៀបចំដីសឲ្យបានល្អ សម្ងាតស្មៅឲ្យបានស្អាត ដាំឲ្យមានចន្លោះគុម្ពត្រឹមត្រូវ កាត់មែកក្រោមៗចោល ជ្រើសរើសពូជធន់ អនុវត្តគ្របដីមុនពេលដាំបន្ថយសំណើម ដើមដកដុតចោលដើម្បីកម្ចាត់សត្វល្អិតចង្រៃជាភ្នាក់ងារចម្លងរោគ ឆ្លាស់មុខដំណាំ ផ្អាកការដំដុះ ត្រាំគ្រាប់ពូជជាមួយសូលុយស្យុងទឹកក្តៅ និងថ្នាំសម្លាប់ផ្សិតរយៈ៦ ម៉ោងមុនពេលបណ្តុះ សម្លាប់មេរោគលើថ្នាលបណ្តុះជាមួយថ្នាំការពារផ្សិតដូចជា៖ Zineb, Mancozeb, Captan, Mancb ៣-៥ មុនពេលចេញរោគសញ្ញា។

ចំណាំ៖ ចំពោះសត្វល្អិត ត្រូវយល់ដឹងពីលក្ខណៈរបស់សត្វល្អិតនិមួយៗជាពិសេសដំណាក់កាលពង ឬទើបនិងញាស់។ការប្រើប្រាស់ថ្នាំពុលមានប្រសិទ្ធល្អ មានថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលអាចយកមកប្រើបាន ប៉ុន្តែត្រូវដឹងពីប្រសិទ្ធភាពនិងរយៈពេលពុលរបស់វា គួបផ្សំនឹងវិធីសាស្រ្តប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ការប្រមូលផល ជាធម្មតាម្ទេសហាវ៉ៃ គេបេះយកផ្លែដែលចាស់សមស្របទៅនឹងទីផ្សារ ព្រោះម្ទេសនេះភាគច្រើនគេធ្វើជាបន្លែ។លក្ខណៈផ្លែដែលអាចបេះបានគឺមានពណ៌បៃតងក្រម៉ៅរលោងរឹង។ ការរក្សាទុកកន្លែងត្រជាក់៣-៤សប្តាហ៍ វានិងប្រែទៅជាពណ៌ក្រហមស្រស់ ប៉ុន្តែបើរក្សានៅកន្លែងក្តៅវាឆាប់ប្រែពណ៌លឿនជាងនេះ។ ចំពោះម្ទេសហិរវាធ្វើឲ្យបាត់បង់សារធាតុផ្អែមចំនួន ៣២% ក្រោយពីរក្សាទុកនៅកន្លែងត្រជាក់រយៈពេល៧-៨សប្តាហ៍ក្រោយពេលប្រមូលផល។ អាយុកាល និងទិន្នផលវា អាស្រ័យទៅលើប្រភេទពូជ និងលក្ខខ័ណ្ឌដំណុះ ក្រោយពេលដាំគឺ៖

ពូជស្រាលពី ៥៥ – ៦០ថ្ងៃ ពូជកណ្តាលពី ៦៥ -៧០ថ្ងៃ ពូជធ្ងន់ពី ៧៥ – ៩០ ថ្ងៃ ចំណាប់អារម្មណ៍ ម្ទេសហាវ៉ៃ ជាបន្លែមួយដែលពេញនិយម ប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការ ក៏ដូចជាមានតម្លៃថ្លៃគួរសម្យនៅលើទីផ្សារ។ សម្រាប់បងប្អូន ដែលចង់បង្កើតមុខរបរបន្ថែម ស្រលាញ់ការដាំដុះ មិនគួរមើលរំលងបន្លែមួយនេះឡើយ។ មុនធ្វើការដាំដុះ សូមបងប្អូនត្រូវចេះ ជ្រើសរើសពូជដែលមានភាពធន់នឹងការបំផ្លាញ មកធ្វើការដាំដុះដើម្បីទទួលបានទិន្នផលខ្ពស់។ ម្យ៉ាងវិញទៀត ត្រូវចេះស្វែងយល់ពី ពូជដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារ មកដាំដុះដើម្បីងាយស្រួលលក់។

ដកស្រង់ពី៖ Huyyunagriculture