គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជាដោយបានរួមចំណែក ២២ ភាគរយដល់ផលិតផលក្នុងស្រុក ហើយជួយដល់ ៧៦,២ ភាគរយនៃប្រជាជននៅតាមជនបទ និងផ្ដល់ការងារដល់ ៣៧ ភាគរយនៃប្រជាជនសរុប។

1 2 3 តួអង្គសំខាន់ៗ ក្រសួងរដ្ឋាភិបាល ម្ចាស់ជំនួយទាំងក្នុងស្រុក និងក្រៅស្រុកបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ការបង្កើតគោលនយោបាយ ការអនុវត្ត និងការសម្របសម្រួល។ ស្ថាប័នរដ្ឋាភិបាលដែលមានទំនួលខុសត្រូវពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កសិកម្មមានចំនួន ៤ ហើយក៏មានតួនាទីត្រួតស៊ីគ្នាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើសន្តិសុខស្បៀង ការស្រាវជ្រាវកសិកម្ម ការចូលទៅកាន់ទីផ្សារ កំណែទម្រង់ដីធ្លី និងជលផល ព្រមទាំងព្រៃឈើប្រកបដោយនិរន្តរភាព។

ក្រសួងធនធានទឹក និងឧតុនិយម សង្កត់ធ្ងន់លើការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និរន្តរភាពទឹក និងការគ្រប់គ្រងព័ត៌មាន។ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការលើការលើកកម្ពស់វិស័យកសិកម្ម ការកាត់បន្ថយភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាមានការខ្វះគោលនយោបាយទូលំទូលាយក៏ដោយ។ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដោយផ្តោតលើសន្តិសុខស្បៀង ផលិតភាពកសិកម្ម កម្មវិធីអភិវឌ្ឍន៍ជនបទ និងការចូលរួមពីសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។4 ដៃគូអភិវឌ្ឍន៍ រួមទាំងម្ចាស់ជំនួយជាង ២០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់កម្ពុជា។ តួអង្គរួមចំណែកសំខាន់ៗរួមមានទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការស្បៀង និងកសិកម្ម មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាម្ចាស់ជំនួយធំជាងគេដោយផ្តោតលើទឹក ប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍន៍ជនបទ និងសន្តិសុខស្បៀង។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន រួមជាមួយនឹងប្រទេសដូចជាអូស្ត្រាលី និងជប៉ុនក៏បានផ្តល់ការគាំទ្រយ៉ាងសំខាន់ផងដែរ ជាពិសេសលើវិស័យធនធានធម្មជាតិ ជីវភាពរស់នៅ និងការគ្រប់គ្រងទឹក។5 និន្នាការគោលនយោបាយ បើតាមនីតិកាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ដែលរាប់បញ្ចូលទាំងគោលនយោបាយ និងផែនការជាតិមួយចំនួន នីតិកាលនេះមានគោលបំណងលើកប្រទេសចេញពីភាពក្រីក្រ និងដាក់ឱ្យដំណើរការលើមាគ៌ានៃកំណើនប្រកបដោយចីរភាព។ ដោយមើលឃើញពីសក្ដានុពលនៃវិស័យកសិកម្មរបស់កម្ពុជា ការបង្កើនផលិតភាពនៃវិស័យនេះអាចបង្កើនទិន្នផលប្រកបដោយនិរន្តរភាពការងារ ព្រមទាំងប្រាក់ចំណូលដែលជួយកាត់បន្ថយភាពក្រីក្រ។ អាស្រ័យហេតុនេះគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលផ្តោតលើវិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទជាមួយនឹងការផ្លាស់ប្ដូរមួយចំនួនលើគោលនយោបាយអភិវឌ្ឍន៍កសិកម្ម និងជនបទនាពេលប៉ុន្មានឆ្នាំកន្លងមកនេះ។6 នៅអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ មានគោលនយោបាយចំនួនពីរបានអនុវត្ត៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំដំបូង (SEDP I) និងកម្មវិធីជាតិនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា។

គោលនយោបាយទាំងនេះផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ និងការលើកកម្ពស់វិស័យកសិកម្មចិញ្ចឹមជីវិតដើម្បីស្ថិរភាព និងការអភិវឌ្ឍសង្គមកម្ពុជា។7 ជាមួយនឹងសមិទ្ធិផលសន្តិភាព និងសន្តិសុខពេញលេញក្នុងឆ្នាំ១៩៩៩ រដ្ឋាភិបាលចាប់ផ្ដើមមានឱកាសក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការលើកកម្ពស់វិស័យសំខាន់ៗជាច្រើនដូចជា ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។8 ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ គោលនយោបាយពីរបន្ថែមទៀតត្រូវបានបង្កើតឡើង៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំទីពីរ (SEDP II) និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជាតិ (NPRS)។ នៅឆ្នាំ២០០៤ កម្ពុជាបានបង្កើតគោលនយោបាយដ៏ទូលំទូលាយមួយដែលត្រូវបានគេស្គាល់ថាជា យុទ្ធសាស្ដ្រចតុកោណដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់កំណើនការងារ និងប្រសិទ្ធភាព។ យុទ្ធសាស្ដ្រចតុកោណនេះផ្ដោតលើ “អភិបាលកិច្ចល្អ” និងផ្តល់អាទិភាពដល់ការលើកកម្ពស់វិស័យកសិកម្ម។ គោលនយោបាយនេះបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) ២០០៦-២០១០ និងផែនការដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ឆ្នាំ២០០៩-២០១៣។ នៅក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបាននូវគោលនយោបាយមួយដើម្បីជំរុញផលិតកម្មស្រូវសម្រាប់ការនាំចេញដែលហៅថា “”ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ” ក្នុងគោលបំណងឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសនាំចេញអង្ករពិភពលោកដ៏សំខាន់មួយ។ គោលដៅនៃគោលនយោបាយនេះគឺដើម្បីធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដើម្បីធានាបាននូវភាពស្មើគ្នានៃអត្ថប្រយោជន៍សេដ្ឋកិច្ច និងជំរុញការនាំចេញផលិតផលកសិកម្មផ្សេងៗទៀត ដូចជាកៅស៊ូជាដើម។

9 គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ត្រូវបានបង្កើតឡើងដោយផ្អែកលើនិន្នាការសកល តំបន់ និងមូលដ្ឋាននាពេលបច្ចុប្បន្នដែលដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គោលនយោបាយមួយនេះមានគោលបំណងជំរុញកំណើនកសិកម្មរបស់កម្ពុជាជាមួយនឹងផលិតកម្មចំណីអាហារប្រកបដោយគុណភាពខ្ពស់ និងសុវត្ថិភាព រួមជាមួយនឹងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្ដរភាព ដូចជាធនធានដីធ្លី ព្រៃឈើ និងធនធានជលផលជាដើម។10 គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ រដ្ឋាភិបាលជាតិមានគោលបំណងជាមួយនឹងគោលនយោបាយថ្មី ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសផលិតកសិកម្មកំពូលទាំងដប់របស់ពិភពលោកដើម្បីគាំទ្រគោលដៅរបស់ប្រទេសក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។11 លើសពីនេះទៅទៀត គោលនយោបាយនេះក៏មានគោលបំណងបង្កើនតម្លៃនៃកសិកម្មបន្ថែម ៣ ភាគរយនៅក្នុងមួយឆ្នាំផងដែរ។12 ចក្ខុវិស័យសម្រាប់គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មគឺធ្វើឱ្យវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបជាមួយនឹងការប្រកួតប្រជែង បរិយាបន្ន ធន់ និងនិរន្តរភាពដើម្បីង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ និងលើកកម្ពស់ភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាដោយផ្អែកលើប្រធានបទគោលនយោបាយសំខាន់ៗចំនួន ៤ រួមមាន (១) ទំនើបកម្ម ធ្វើពាណិជ្ជកម្មខ្សែសង្វាក់តម្លៃកសិកម្ម (២) ការវិនិយោគសាធារណៈ និងឯកជនលើវិស័យកសិកម្ម (៣) ការរីកលូតលាស់ប្រកបដោយនិរន្តរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង (៤) កំណែទម្រង់ស្ថាប័ន និងបញ្ហាឆ្លងកាត់។ គោលដៅយុទ្ធសាស្ដ្រចំនួន ៤ នេះជាប់ទាក់ទងគ្នា ដើម្បីដោះស្រាយប្រធានបទគោលនយោបាយសំខាន់ៗទាំងនេះ។ គោលនយោបាយនេះមានគោលដៅយុទ្ធសាស្ត្រចំនួន ៤ ដូចជា៖ គោលដៅយុទ្ធសាស្ត្រទី១៖ លើកកម្ពស់ការប្រកួតប្រជែងនៃខ្សែសង្វាក់តម្លៃកសិកម្ម។

គោលដៅយុទ្ធសាស្ត្រទី២៖ បង្កើនការគាំទ្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម និងការសម្របសម្រួលអាជីវកម្មកសិ-ពាណិជ្ជកម្ម។ គោលដៅយុទ្ធសាស្ត្រទី៣៖ លើកកម្ពស់ការគ្រប់គ្រងដីធ្លី ព្រៃឈើ និងធនធានជលផលប្រកបដោយនិរន្តរភាព។ គោលដៅយុទ្ធសាស្ត្រទី៤៖ ពង្រឹងការគ្រប់គ្រងស្ថាប័ន និងកំណែទម្រង់បទប្បញ្ញត្តិ ការអភិវឌ្ឍន៍ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។13 គោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ផលិតផលកសិកម្មរបស់កម្ពុជារួមទាំងគ្រាប់ស្វាយចន្ទីផងដែរ ជាទូទៅគឺត្រូវបាននាំចេញដោយមិនទាន់កែច្នៃ ជាហេតុដែលបណ្ដាលឱ្យមានតម្លៃទាបសម្រាប់កម្ពុជា។ បន្ទាប់មកផលិតផលទាំងនេះត្រូវបានកែច្នៃនៅប្រទេសផ្សេងទៀតមុននាំចេញសម្រាប់បរិភោគបាន។ ដូច្នេះគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានអនុវត្តក្នុងគោលបំណងលើកកម្ពស់កំណើននៃការទទួលបានទីផ្សារ ទាំងគុណភាព និងសុវត្ថិភាពចំណីអាហារ ផលិតភាព និងការធ្វើពិពិធកម្មដំណាំសក្ដានុពល។

ចក្ខុវិស័យនៃគោលនយោបាយជាតិគ្រាប់ស្វាយចន្ទី គឺដើម្បីអភិវឌ្ឍផលិតកម្មស្វាយចន្ទី ការកែច្នៃ និងទីផ្សារដើម្បីធានាបាននូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការប្រកួតប្រជែងដោយបរិយាប័ន្ន។ គោលនយោបាយនេះមានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាអ្នកផលិត និងផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីនាំមុខគេសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងសកល។ គោលនយោបាយនេះបានកំណត់គោលដៅសំខាន់ៗចំនួន ៣ ដើម្បីសម្រេចបាននូវចក្ខុវិស័យ៖ លើកកម្ពស់ផលិតកម្ម និងគុណភាពផលិតផល ដើម្បីរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។ ជម្រុញឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមនៃការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន ២៥ ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងហោចណាស់ ៥០ ភាគរយនៅឆ្នាំ២០៣២។ បង្កើនការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការតភ្ជាប់ការនាំចេញអន្ដរវិស័យ ការសម្របសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងទាញយកអត្ថប្រយោជន៍ទីផ្សារ។

14 ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងឆ្នាំ២០១០ ជាមួយនឹងចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជា “កន្ត្រកអង្ករ” និងជាអ្នកនាំចេញអង្ករធំទូទាំងសកលលោក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយ “ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ” ដោយគិតត្រឹមឆ្នាំ២០១៥ ជាឆ្នាំគោលដៅសំដៅសម្រេចបាននូវអង្ករលើសពី ៤ លានតោន និងសម្រេចបាននូវការនាំចេញអង្កររបស់កម្ពុជាចំនួន ១ លានតោន។15 នៅក្នុងឆ្នាំ២០១៥ កម្ពុជាផលិតស្រូវបានចំនួន ៩.៣៣៤,៣ លានតោន កើនឡើងដល់ ១១,៦ លានតោននៅឆ្នាំ ២០២២។16 អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជា”អង្ករល្អបំផុតរបស់ពិភពលោក” ចំនួន ៥ ដងលើប្រភេទពូជស្រូវផ្ការំដួលក្នុងវេទិកាស្រូវពិភពលោក និងប្រភេទពូជស្រូវសែនក្រអូបដែលបានឈ្នះមេដាយមាសក្នុងការប្រកួតប្រជែងអង្ករអន្តរជាតិនៅប្រទេសចិនផងដែរ។17 ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងកសិកម្ម ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម ផលិតកម្មផ្នែកកសិកម្ម កសិកម្ម និង ការនេសាទ

ដកស្រង់ពី៖ អង្គការទិន្នន័យនិងការអភិវឌ្ឍ