Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១០ខែ ក្នុង​ឆ្នាំ២០២២ នេះ អាជីវកម្មទេសចរណ៍ ២.៧០៨ទីតាំង បើកទ្បើងវិញ

  • Print

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានថ្លែងថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍ ២.៧០៨ទីតាំង បានបើកដំណើរការទ្បើងវិញ ក្នុងចំណោមអាជីវកម្ម ៣.៩១៥ ទីតាំង ដែលត្រូវបានបិទ ដោយសាររងប៉ះពាល់ពីកូវីដ១៩។លោករដ្ឋមន្ត្រីបន្ថែមថា ការបើកដំណើរការទ្បើងវិញនូវអាជីវកម្មទេសចរណ៍នោះ ក៏បានផ្តល់ការងារដល់បុគ្គលិកចំនួន ៣១.១០៤ នាក់ផងដែរ។

លោករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងឱកាស ដែលលោកចូលរួមក្នុងពិធីសម្ពោធបើកការតាំងពិពរ័ណ៍វិសយ័ផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសហសាលពិព័រណ៍ កោះពេជ្រ។

លោកបណ្ឌិត ថោង ខុន បានរម្លឹកទ្បើងវិញថា បញ្ហាជំងឺកូវីដ១៩ វាមិនគ្រាន់តែជាជំងឺដ៏កាចសាហាវប៉ុណ្ណោះទេ ប៉ុន្តែវាបាន និងកំពង់បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រដល់សេដ្ឋកិច្ចពិភពលោក និងប្រទេសកម្ពុជា។

ជាក់ស្តែង វិសយ័ទេសចរណ៍កម្ពុជា ដែលធ្លាប់តែមានអត្រាកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ ៦,៦លាននាក់ ប៉ុន្តែរយៈពេល ២ឆ្នាំកន្លងមកនេះ វិសយ័ទេសចរណ៍ នៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែកូវីដ១៩។

ជាក់ស្តែងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណតែ ១.៣ លាននាក់ ថយចុះរហូតដល់ជាង ៨០% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលឆ្នាំ២០២១ ទទួលបានភ្ញៀវអន្តរជាតិប្រមាណតែ ២០ម៉ឺននាក់ ថយចុះ ៩៧% ធៀបនឹងឆ្នាំ២០១៩។

លោកបន្តថា ក្នុងអំទ្បុងផ្ទុះជំងឺកូវីដ១៩ អាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ និងបានបិទផ្អាកសរុបប្រមាណ ៣.៩១៥ទីតាំង ស្មើនឹង ៤១% នៃចំនួនអាជីវកម្មសរុប និងប៉ះពាល់ដល់ការងារបុគ្គលិកប្រមាណ ៥៣.៥៣៤ នាក់ ស្មើនឹងប្រមាណ ៤៥% នៃចំនួនបុគ្គលិកសរុប។

លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា តាមរយៈផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិសយ័ទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២១-២០២៣ បានបង្ហាញចក្ខុវិស័យច្បាស់លាស់ សម្រាប់ស្តារ និងលើកស្ទួយវិសយ័ទេសចរណ៍កម្ពុជា

ក្រោយកូវីដ១៩ ដោយបានបង្ហាញថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ យ៉ាងយូរ នៅឆ្នាំ២០២៥ និងភ្ញៀវទេសចរ ក្នុងស្រុកប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៣។

នាឱកាសនោះ លោកបណ្ឌិត ថោង ខុន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផ្នែកឯកជន ដែលបានរួមសហការគ្នា រៀបចំតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ

និងសំណង់ខ្នាតអន្តរជាតិ នាពេលនេះ ហើយក៏ជាឆ្នាំដំបូងនៃដំណើរងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ខណៈដែលពិព័រណ៍ដ៏មានសារៈសំខាន់នេះ នឹងចូលរួមចំណែក ក្នុងការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានស្នើដល់គ្រប់ភាគីពាក់ពន្ធ័ ពិសេសបណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ មេត្តាផ្សព្វផ្សាយបន្ត ទាំងសម្រាប់កម្មវិធីពិព័រណ៍នាពេលនេះ និងជាពិសេសពីគោលដៅទេសចរណ៍កម្ពុជាតែម្តង ឲ្យបានកាន់តែទូលំទូលាយនូវភាពទាក់ទាញ និងការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ មកពីគ្រប់ទិសទី។

សូមជម្រាបថា សហព័ន្ធទេសចរណ៍កម្ពុជា បានផ្ដួចផ្ដើមរៀបចំពិព័រណ៍ខ្នាតអន្តរជាតិ បង្ហាញពីម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅកម្ពុជា (CAMFOOD’22 and CAM BUILD’22) ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជា ផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជា

និងទទួលយកនូវរសជាតិម្ហូបអាហារ នៅកម្ពុជាផងដែរ។ ពិព័រណ៍នេះ បានធ្វើឡើង ចាប់ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៍នេះ ក៏ទទួលបានការគាំទ្រពីសំណាក់ស្ថាប័នសំខាន់ៗ រួមមាន សមាគមអូតែលកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមចុងភៅកម្ពុជា និងវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងគណៈសា្ថបត្យករកម្ពុជា ផងដែរ៕

ដកស្រង់ពី៖ កោះសន្តភាព