Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសយកថ្ងៃ១២ កក្កដា ២០២៣ ប្រារព្ធខួប១០ឆ្នាំនៃមរណកាលរបស់បិតា ខួប២៥ឆ្នាំនៃមរណកាលរបស់មាតា និងខួប១០០នៃថ្ងៃកំណើតរបស់បិតាសម្ដេចតេជោ

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ សម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រារព្ធពិធីរំឭកខួប១០ឆ្នាំនៃមរណកាលរបស់បិតា ខួប២៥ឆ្នាំនៃមរណកាលរបស់មាតា និងខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតាសម្ដេចតេជោ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចបានរំឭកអំពីមរណកាលនៃមាតារបស់សម្ដេចកាលពីឆ្នាំ១៩៩៨ ពោលគឺមានរយៈពេល២៥ឆ្នាំ ហើយនិងមរណកាលនៃបិតារបស់សម្ដេចកាលពីឆ្នាំ២០១៣ ដែលមានរយៈពេល១០ឆ្នាំមកហើយ។

សម្ដេចក៏បានរំឭកពីថ្ងៃកំណើតនៃបិតារបស់សម្ដេច ដែលបានកើតតាំងពីឆ្នាំ១៩២៣ គឺមានរយៈពេល១០០ឆ្នាំមកហើយ។

ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីរំឭកខួប១០ឆ្នាំនៃមរណកាលរបស់បិតា ខួប២៥ឆ្នាំនៃមរណកាលរបស់មាតា និងខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតាសម្ដេចតេជោផងដែរ។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា

«ខ្ញុំ និងភរិយា ព្រមទាំងកូនចៅ កូនក្មួយ នឹងធ្វើពិធីជុំគ្នា ដើម្បីប្រារព្ធខួប១០ឆ្នាំនៃមរណកាលរបស់បិតាខ្ញុំ ខួប២៥ឆ្នាំនៃមរណកាលរបស់មាតាខ្ញុំ និងខួប១០០នៃថ្ងៃកំណើតរបស់បិតាខ្ញុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ទោះបីអំឡុងពេលនោះ ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកំពុងប្រព្រឹត្តទៅក៏ពិតមែន ប៉ុន្តែគុណបំណាច់របស់ឪពុកម្ដាយគឺមិនអាចបំភ្លេចបានឡើយ។

សម្ដេចតេជោសង្កត់ធ្ងន់ថា នេះគឺជាគុណធម៌ សីលធម៌សម្រាប់សម្ដេច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាភរិយា និងក្រុមគ្រួសារ ក្នុងការរឭកដឹងគុណចំពោះមាតាបិតា និងញាតិការទាំងឡាយ៕

កំណាត់ទី១ ៨៖២៨៖២៦ ដល់ ៨៖៣១៖៥៧ កំណាត់ទី២ ៨៖៣៣៖៥៧ ដល់ ៨៖៣៦៖៣៦

ដកស្រង់ពី៖ Fresh News