Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​ផ្ដន្ទាទោស​ អតីត​មេ​បក្ស​ខ្មែរ​ក្រោក ករណី​ស្ទាក់​ប្លន់​ម្ចាស់​បុរី ម៉​ន ដា​នី មិន​​សម្រេច

  • Print

រាជធានីភ្នំពេញ ៖ អតីតមេបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេខ្លោងដឹកនាំប្លន់ផ្ទះ អ្នកលក់ឡេល្បីឈ្មោះ (ឧកញ៉ា អ៊ាន សៀវម៉ី) កាលពីអំឡុងចុងឆ្នាំ២០២១ កន្លងទៅនោះ ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសហើយ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធទៅនឹងករណីស្ទាក់ប្លន់ម្ចាស់បុរី ម៉ន ដានី នៅឯខេត្ត កំពង់ស្ពឺ មិនបានសម្រេច ។

សវនាការនេះ បានធ្វើឡើងជាសាធារណៈ ដោយមានលោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមាន លោក សាន សុភៈ ជាតំណាងអយ្យការ នៅចំពោះមុខ ជនជាប់ចោទ ៤នាក់ ដែលមានអតីតមេបក្សខ្មែរក្រោកឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាប់ចោទពីបទ «ប៉ុនប៉ងលួចមាន ស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។

តុលាការ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ៖ ទី១. ឈ្មោះ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ភេទប្រុស អាយុ៤៤ឆ្នាំ ហៅ សុខ សុវណ្ណវឌ្ឍនាសាពុង ហៅ វីល្លាម គ័ង (ដាក់ពន្ធនាគារ៦ឆ្នាំ) ទី២. គេច ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ (ដាក់ពន្ធនាគារ៤ឆ្នាំ) ទី៣. អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ (ដាក់ពន្ធនាគារ៥ឆ្នាំ) និងទី៤. ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ (ដាក់ពន្ធនាគារ៥ឆ្នាំ) ។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទខាងលើ ម្តងរួចមកហើយ ក្នុងសំណុំរឿងប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ផលិតផលតាមអនឡាញ ។ តុលាការ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បក្ខពួក និងមេចោរប្លន់ William Guang ចំនួន៧នាក់ ក្នុងនោះ ៖ ឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាមគ័ង ភេទប្រុស អាយុ៤៤ឆ្នាំ (ជាមេខ្លោងចោរប្លន់) ដាក់ពន្ធនាគារ ៩ឆ្នាំ។

បក្ខពួកជាបុរស ចំនួន៤នាក់ ម្នាក់ៗកំណត់ដាក់ពន្ធនាគារ ៨ឆ្នាំ និងស្ត្រី ២នាក់ម្នាក់ៗ ចំនួន៦ឆ្នាំ ពីបទ «សមគំនិតលួចមានស្ថានទម្ងន់ទោស និងពីបទប្រើប្រាស់ឯកសារ សាធារណៈក្លែង»។ ចំណែកបុរសម្នាក់ទៀត ឈ្មោះម៉ាច ដែលបានរត់គេចខ្លួន ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនយកមកអនុវត្តទោស កំណត់ ៦ឆ្នាំ ។

សាលក្រមដដែល បានសម្រេចឱ្យក្រុមនេះ រួមគ្នាសងទៅដើមបណ្តឹង ចំនួន៥០ម៉ឺនដុល្លារ និងសងសំណងជំងឺចិត្ត ចំនួន ២០០លានរៀលទៀត ទៅភាគី ដើមបណ្ដឹងផងដែរ ។

គួររំលឹកថា ក្រោយពេលចាប់ឃាត់ខ្លួនដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីដឹកនាំបក្ខពួកចូលផ្ទះអ្នកលក់ឡេអនឡាញ ដ៏ល្បីម្នាក់ (ឧកញ៉ា អ៊ាន សៀវម៉ី) ដោយបន្លំខ្លួនថា ជាសមត្ថកិច្ចក្រសួង ចុះមកអនុវត្តដីកា រួចក៏ធ្វើសកម្មភាពភ្ជង់ប្លន់ ប្រមូលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការមានតម្លៃជាច្រើន កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខ V01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួចមក មេចោរប្លន់ William Guang បានសារភាពថា កន្លងមក ពួកខ្លួនបានធ្វើសកម្មភាពប្លន់ ចំនួន២លើក ក្នុងនោះលើកទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់បុរី ម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡាន ដែលពួកខ្លួនបានស្ទាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះ ខ្លួនមិនបានចូលរួមទេ គឺឱ្យតែកូនចៅ ៥នាក់ អាវុធវែង ១ដើម អាវុធខ្លី ២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។

លើកទី២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឱ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកលក់ឡេអនឡាញ ឈ្មោះ អ៊ាន សៀវម៉ី បានសម្រេច ហើយគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន ៕

ដកស្រង់ពី៖កោះសន្តិភាព