Social Network

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាការនាំចូលពីសហរដ្ឋអាមេរិក

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា។

នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរ មានសញ្ជាតិអាមេរិកកាំងនេះ មានអាយុ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។

ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៧.៦៩% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី, បុរសជនជាតិខ្មែរ វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖FreshNews