Social Network

ក្រសួងធនធានទឹក៖ ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែកក្កដា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង ពិសេសនៅតំបន់មាត់សមុទ្រ, អ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្ន !

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖ ១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

* សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C

* សីតុណ្ហភាពអតិបរមាមានពី ១៩-៣១°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C

* សីតុណ្ហភាពអតិបរមាមានពី២៨-៣០°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C

* សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C ។

នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។

នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

ដកស្រង់ពី៖FreshNews