Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យប់នេះអាចមានភ្លៀងធ្លាក់លើរាជធានីភ្នំពេញ

  • Print

ភ្នំពេញៈ យប់នេះនៅរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់បន្ទាប់ពីចប់ម៉ោងប្រកួតបាល់ទាត់ហើយការធ្លាក់ភ្លៀងជាបន្តបន្ទាប់នេះអាចកើតមានរហូតដល់ថ្ងៃទី១៣ខែឧសភា ខណៈដែលរដូវវស្សាឆ្នាំ២០២៣អាចនឹងចូលមកដល់នៅពាក់កណ្តាលខែឧសភា បន្ទាប់ពីព្យុះមួយនៅក្នុងមហាសមុទ្រឥណ្ឌាអស់ឥទ្ធិពល ។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣ថានៅយប់ថ្ងៃនេះ(ថ្ងៃទី១០ខែឧសភា)អាចមានភ្លៀងធ្លាក់លើរាជធានីភ្នំពេញ បន្ទាប់ពីចប់ម៉ោងប្រកួតបាល់ទាត់និងនៅពេលរសៀលមានពពកអាប់អួរនិងអាចមានភ្លៀងធ្លាក់តិចតួចលើផ្នែកខ្លះនៅរាជធានី តែនៅតាមបណ្តាខេត្តមានភ្លៀងច្រើនពិសេសនៅភាគពាយព្យ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបានឱ្យដឹងទៀតថា ការធ្លាក់ភ្លៀងបន្តបន្ទាប់នេះអាចកើតមានរហូតដល់ថ្ងៃទី១៣ខែឧសភាទើបចុះខ្សោយទៅវិញបន្តិច ដោយពេល នេះរដូវវស្សាមិនទាន់ចូលមកដល់នៅឡើយទេតែខ្យល់មូសុងនិរតីបានប្តូរទិសទាំងព្រមហើយរដូវវស្សាវានឹងចូលមកដល់នៅពាក់កណ្តាលខែនេះ បន្ទាប់ពីព្យុះមួយនៅក្នុងមហាសមុទ្រឥណ្ឌាអស់ឥទ្ធិពល។

លោកបានបន្តថា នៅមួយខែដំបូងនៃរដូវវស្សាមកដល់ភ្លៀងធ្លាក់មានអំណោយផលល្អ តែនៅខែបន្ទាប់មានការរអាក់រអួលបន្តិច។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែឧសភាថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបមកពីភាគខាងជើងប្រទេស និង ខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយនាំឱ្យសីតុណ្ហភាពអប្បបរមាមានពី ២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ ។

អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនិងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថាស្ថានភាពអាកាសធាតុបែបខាងលើធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនិងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៤ទៅ៣៦អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរនិងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ ។

សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

 

 ដកស្រង់ពី៖ រស្មីកម្ពុជា