Social Network

នៅក្នុងសប្តាហ៍ន៍នេះ ស្ថានភាពភ្លៀង ធ្លាក់អំណោយផលល្អ នៅទូទាំងប្រទេស

ភ្នំពេញៈ នៅក្នុងសប្តាហ៍នេះ ស្ថានភាពទឹកភ្លៀង ធ្លាក់រាយប៉ាយល្អ នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ហើយនៅលើរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមិថុនា នេះ នឹងមានភ្លៀងធ្លាក់ច្រើនថែមមកទៀត ដោយសារឥទ្ធិពលសម្ពាធទាប នៅក្នុងសមុទ្រចិនខាងត្បូង។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ថាៈ ស្ថានភាពភ្លៀងធ្លាក់ នៅក្នុងសប្តាហ៍នេះ មានអំណោយផលល្អ នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ក្នុងកម្រិតពីតិចទៅច្រើន ដោយកើតមានចាប់ពីថ្ងៃនេះ (៥មិថុនា) រហូតដល់ថ្ងៃទី៨ ខែមិថុនា ក៏នៅឃើញមានភ្លៀងធ្លាក់ល្អដែរ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ ភ្លៀងធ្លាក់រាយប៉ាយល្អ ស្ទើរគ្រប់ទីកន្លែង នៅក្នុងសប្តាហ៍នេះ ដោយសារឥទ្ធិពលសម្ពាធទាបមួយបានកើតមាននៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឱ្យមូសុងនិរតី បង្កើនឥទ្ធិពល។

នៅរសៀលថ្ងៃទី៥ ខែមិថុនានេះ នៅភ្នំពេញ ក៏មានភ្លៀងធ្លាក់ដែរ។ នៅក្នុងពេលសម្ពាធ ទាបមួយកំពុងកើតមាន នៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើតប្រទេសហ្វីលីពីន ក៏មានសម្ពាធទាបមួយទៀត បានកើតមានឡើងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនាថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលង សម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមពេល ជាមួយគ្នានេះ នៅលើផ្ទៃសមុទ្រ មានទឹករលកខ្ពស់ៗ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣២ ទៅ ៣៤ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយ ឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ ។

នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវ ដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា