Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ កោតសរសើរការខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជា ទទួលបានភាពជោគជ័យជាច្រើន និងផ្តាំផ្ញើដល់អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ សូមចូលរួមថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ

  • Print

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជា ទទួលបាននូវភាពជោគជ័យជាច្រើននាពេលកន្លងមក និងបានផ្តាំផ្ញើដល់អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ សូមចូលរួមថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។

ការកោតសរសើរ និងផ្តាំផ្ញើនេះក្នុងឱកាសដែល ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ២០០រូប ចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់សិរីមង្គល នៃព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ក្នុងឱកាសដ៏ឧត្តុង្គឧត្ដមប្រកបដោយមហាកិត្តិយសនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានទូលថ្វាយនូវសកម្មភាពជាច្រើននាពេលកន្លងមក របស់សមាគមឧកញ៉ាកម្ពុជា ទាំងលើវិស័យសង្គមកិច្ច អប់រំ មនុស្សធម៌ សុខាភិបាល និងផ្នែកពុទ្ធចក្រ ព្រមទាំងការជំរុញ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគម ដែលមានការទទួលស្គាល់ពេញលេញតាមផ្លូវ ច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះក៏បានថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួន ដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្ដម ប្រកបដោយទសពិធរាជធម៌របស់ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខ របស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជា ទទួលបាននូវភាពជោគជ័យជាច្រើននាពេលកន្លងមក ក៏ដូចជាការរួបរួមសាមគ្គីរបស់អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ ដែលជាសមាជិកសមាគម ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនសែនកន្លែង ដល់ប្រជាជនកម្ពុជា តាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានា ស្របទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេស ព្រះអង្គទាំងទ្វេ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបរមរាជឱង្ការផ្តាំផ្ញើដល់អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ សូមចូលរួមថែរក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ឱ្យបានល្អប្រសើរ និងប្រកបដោយគុណតម្លៃខ្ពស់។

ព្រះករុណាថ្លៃវិសេស និងសម្តេចព្រះមហាក្សត្រី ក៏បានប្រោសព្រះរាជទានពរជ័យ ដល់សមាជិក សមាគមឧកញ៉ាកម្ពុជាគ្រប់ៗរូប សូមទទួលបានភាពជោគជ័យ វិបុលសុខគ្រប់ប្រការ និងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន វរោកាសដល់អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ បានថតរូបភាពជាអនុស្សាវរីយ៍ផងដែរ៕

ដកស្រង់ពី៖Fresh New