Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ចេញប្រកាសព័ត៌មាន បង្ហាញលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា

  • Print

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី ម៉ារីយ៉ាម សឺរមែន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ដល់ធនាគារពិភពលោក ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយក្នុងជំនួបពិភាក្សាការងារនាពេលនេះ ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកបន្ថែមទៀត។ ក្នុងជំនួបលោកស្រីនាយិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឲ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រីនាយិកា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារ ពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពមាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកា មានជំនឿជាក់ថា ជំនួបជាមួយ សម្ដេចធិបតី នាឱកាសនេះនឹងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីភាពប្រទាក់ ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗរបស់ធនាគារពិភពលោកក្នុង កម្រិតសកល និងក្នុងកម្រិតប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហ ប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការបន្តក្របខ័ណ្ឌភាពជាដៃគូរវាង រាជរដ្ឋាភិបាលជាមួយធនាគារពិភពលោក សម្រាប់ឆ្នាំ២០២៥-២០២៩។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូន លោកស្រីនាយិកា ពីការដាក់ចេញកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣ និងអាទិភាពគន្លឹះចំនួន៥ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

មុននឹងបញ្ចប់ សម្ដេចធិបតី និងលោកស្រីនាយកា ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហ ប្រតិបត្តិការលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងនៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យអប់រំ វិស័យ សុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកស្រី ម៉ារីយ៉ាម សឺរមែន ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ដកស្រង់ពី៖Fresh New