Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

  • Print

(ភ្នំពេញ)៖ គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា នឹងទៅចូលរួមការពិនិត្យរបាយការណ៍ជាតិលើកដំបូង នៃការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានលោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឧត្តមសេនីយ៍ឯក អ៊ុ សុខឃី អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកស្រី ឡុង សូនីតា រួមទាំងលោក ប៉ា ប៉ុណ្ណារ៉ាដា។

កម្ពុជាមានឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងការចូលជាសមាជិកកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញ សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៩ ដែលក្នុងនោះកម្ពុជាគឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សច្ចាប័ន និងចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។

សូមបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ កម្ពុជាមានកាតព្វកិច្ចសរសេរបាយការណ៍ដាក់ជូន គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ និងត្រូវបញ្ជូនគណៈប្រតិភូទៅចូលរួមការពិនិត្យរបាយការណ៍នៅចំពោះមុខគណៈកម្មាធិការនេះក្នុងទម្រង់ ជាកិច្ចសន្ទនាបែបស្ថាបនា។

ជារួមតាមរយៈកិច្ចខិតខំរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្នុងការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញា អន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងការត្រៀមលក្ខណៈជាមុនយ៉ាងហ្មត់ចត់ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក កែវ សុទ្ធិ មានជំនឿយ៉ាងមុតមាំថា ការពិនិត្យរបាយការណ៍ជាតិ នេះ នឹងផ្តល់ជាវេទិកាអន្តរជាតិមួយក្នុងការបង្ហាញពីសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបាន ហើយក៏ រំពឹងដែរថានឹងទទួលបានលទ្ធផលគួរជាទីមោទកៈសម្រាប់ជាតិមាតុភូមិ៕

ដកស្រង់ពី៖Fresh New