Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ​បញ្ជាក់ជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម

  • Print

(ភ្នំពេញ)៖ អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)បានបញ្ជាក់ជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក ដូណាល់ ប្រោន (Donal Brown) អនុប្រធានរង IFAD បានជំហរ បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD។

ក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញទានសហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ ៩៧ លានដុល្លារអាម៉េរិក និងបានកើន រហូតដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD។

លោក ដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។ លោកថែមទាំងបានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងការសម្របសម្រួលការដឹកនាំការគ្រប់គ្រងគម្រោងនានា ក្រោមហិរញ្ញប្បទានពី IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យ ជាច្រើន នាពេលកន្លងមក។

អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

ដកស្រង់ពី៖Fresh New