Social Network

អ្នកកាសែត Reuters ចំនួន២នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាព ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីជាប់គុកអស់រយះពេលច្រើនជាង ៥០០ថ្ងៃ

អ្នកកាសែត Reuters ២នាក់ ដែលបានជាប់គុកក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីពួកគេ ត្រូវបានកាត់ទោសពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស បានត្រវដោះលែងឲ្យមានសេរីភាពពីពន្ធនាគារហើយកាលពីថ្ងៃអង្គារ៍ បន្ទាប់ពីជាប់ឃុំឃាំងអស់រយះពេលច្រើនជាង ៥០០ថ្ងៃកន្លងមក។

លោក Wa Lone អាយុ៣៣ឆ្នាំ និងលោក Kyaw Soe Oo អាយុ២៩ឆ្នាំ ត្រូវបានកាត់ទោសកាលពីខែកញ្ញា និងបានកាត់ឲ្យជាប់គុក៧ឆ្នាំ ក្នុងរឿងក្តីមួយ ដែលបានត្រូវចោទជាសំណួរអំពីដំណើរវិវត្តន៍ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា និងបង្កឲ្យមានការខឹងសម្បារ ពីមន្រ្តីការទូត និងអ្នកតស៊ូផ្នែកសិទ្ធិមនុស្សជាច្រើន។

ពួកគេ ត្រូវបានដោះលែងក្រោមការលើកលែងទោសរបស់លោកប្រធានាធិបតី សម្រាប់អ្នកទោសចំនួន ៦.៥២០នាក់។ លោកប្រធានាធិបតី Win Myint បានលើកលែងអ្នកទោសផ្សេងទៀតរាប់ពាន់នាក់ ក្នុងការលើកលែងទោសដ៏ធំ ចាប់តាំងពីខែមុន។

វាជាប្រពៃណីក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់អជ្ញាធរឲ្យដោះលែងអ្នកទោសពាសពេញប្រទេស មុនពេលវេលានៃពិធីចូលឆ្នាំជាប្រពៃណី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៧ មេសាមក។

កាសែត Reuters បានថ្លែងថា បុរសទាំងពីរ មិនបានប្រព្រឹត្តនូវអំពើឧក្រិដ្ឋណាមួយនោះទេ ហើយបានអំពាវនាវឲ្យមានការដោះលែងពួកគេ។ ហ៊ុំព័ទ្ធដោយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជូនពរ ខណះពួកគេដើរកាត់ច្រកទ្វារពន្ធនាគារ Insein នៅជាយក្រុង Yangon លោក Wa Lone បានញញឹម និងលើកមេដៃឡើង ហើយបាននិយាយថា គាត់ដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីធានាសេរីភាពរបស់ពួកគេ។

អ្នកទាំងពីរ ត្រូវបានគេដឹកចេញដោយសហសេវិក Reuters និងបានជួបជុំជាមួយប្រពន្ធ និងកូនរបស់ពួកគេវិញ។ មុនពេលការចាប់ខ្លួនរបស់ពួកគេ កាលពីខែធ្នូ ឆ្នាំ ២០១៧ ពួកគេ បានកំពុងធ្វើការលើការស៊ើបអង្កេតក្នុងករណីសម្លាប់ បុរស និងកុមារជាតិម៊ូស្លីម Rohingya ១០នាក់ ពីសំណាក់កងកម្លាំងសន្តិសុខ និងជនស៊ីវិលពុទ្ធសាសនិក នារដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា អំឡុងពេលប្រតិបត្តិការណ៏កំទេចរបស់កងទ័ព ដែលបានចាប់ផ្តើមនាខែសីហា ឆ្នាំ ២០១៧ នេះបើតាមការផ្សាយរបស់ Chanel News Asia នាថ្ងៃពុធ។