Social Network

អ៉ីរ៉ង់ចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ទុកផលិតអាវុធនុយក្លេអ៊ែរ ឬដើម្បីសុំចរចាជាមួយអាមេរិក?

(តេហរ៉ង់)៖ ជាការឆ្លើយតប នឹងទណ្ឌកម្មអាមេរិក ក៏ដូចជាភាពអសកម្មរបស់អឺរ៉ុប អ៉ីរ៉ងបាន  សម្រេចចិត្ តបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ ឱ្យលើសកម្រិត ៣.៦៧ភាគរយ ដែលត្រូវបានដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់  ឆ្នាំ២០១៥។

នៅថ្ងៃចន្ទ សប្ដាហ៍នេះ អ៉ីរ៉ង់បានចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិត ៤.៥ភាគរយ ហើយកំពុងពិចារណា បង្កើនការចម្រាញ់ឱ្យដល់  ២០ភាគរយ។ បន្ថែមពីលើនេះ ទីក្រុងតេហេរ៉ង់ ក៏ទើបតែបានចម្រាញ់ អ៊ុយរ៉ាញ៉ូមកម្រិតទាប ៣០០គីឡូក្រាមផងដែរ កាលពីសប្ដាហ៍មុន។

តើអ៉ីរ៉ង់ បង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ឬក៏គ្រាន់តែចង់បង្ខំ ឱ្យអ៉ឺរ៉ុប ឬអាមេរិក ត្រឡប់មករកតុចរចាវិញ? * តើអ៉ីរ៉ង់អាចធ្វើអ្វីបានខ្លះ ជាមួយការចម្រាញ់អ៊ុយរ៉ាញ៉ូម ២០ភាគរយ? ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម កម្រិត ៤.៥ភាគរយ គឺអាចផ្គត់ផ្គង់ គ្រប់គ្រាន់ដល់តម្រូវការ ថាមពលនៅក្នុងប្រទេសអ៉ីរ៉ង់។

នេះបើតាមអ្នកនាំពាក្យ ទីភ្នាក់ងារនុយក្លេអ៊ែរអ៉ីរ៉ង់ ជាមួយការបន្ថែមដែរថាពីមុន  អ៉ីរ៉ង់មានរោងចក្រ ថាមពលនុយក្លេអ៊ែរ តែមួយគត់នៅឯទីក្រុង Bushehr ហើយពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលឥន្ធនៈពីរុស្ស៊ី។ យ៉ាងណាក៏ដោយ ២០ភាគរយ នៅតែជាកម្រិតទាបនៅឡើយ ពោលគឺបើចង់ផលិតអាវុធ នុយក្លេអ៊ែរ អ៉ីរ៉ង់ត្រូវការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ឱ្យបាន៩០ភាគរយឯណោះ។

ម្យ៉ាងវិញ ទៀត បើតាមអ្នកជំនាញ ដូចជាលោក Tariq Rauf ដែលជាអតីតមន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារ អន្តរជាតិថាមពល អាតូមិច (IAEA) នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយផលិត អាវុធនុយក្លេអ៊ែរ តែមួយគ្រាប់នោះទេ ហើយការផលិត  អាវុធប្រល័យលោក ច្រើនជាងមួយគ្រាប់ គឺតម្រូវឱ្យអ៉ីរ៉ង់ ប្រើពេលជាច្រើនឆ្នាំ ក្នុងការដំណើរការណ៍រ៉េអាក់ទ័រ ចម្រាញ់អ៊ុយរ៉ាញ៉ូមចាស់ៗ ឡើងវិញ។ ដូច្នេះហើយ លោកយល់ថា ក្នុងស្ថានភាពបច្ចុប្បន្ន អ៉ីរ៉ង់គ្រាន់តែចង់ប្រាប់អឺរ៉ុប និងសហរដ្ឋអាមេរិក ថាបើនៅតែបង្ខំ ឬគ្មានដំណោះស្រាយ ទីក្រុងតេហេរ៉ង់ គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីបើក ដំណើរការណ៍រ៉េអាក់ទ័រ ចម្រាញ់អ៊ុយរ៉ាញ៉ូម ចាស់ៗឡើងវិញ ប៉ុណ្ណោះ។

ប្រតិកម្មរបស់អឺរ៉ុប ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានព្រមានឱ្យអ៉ីរ៉ង់ បញ្ឈប់រាល់សកម្មភាព ទាំងឡាយណា ដែល រំលោភលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ស្របពេលប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង យល់ព្រម បើកកិច្ចសន្ទនាជាមួយអ៉ីរ៉ង់ ប៉ុន្តែក៏បានក្រើនរំឭកផងដែរថា ផលវិបាកជាច្រើន នឹងកើតមានឡើង បើទីក្រុងតេហេរ៉ង់  នៅតែបន្ តចម្រាញ់អ៊ុយរ៉ាញ៉ូម។

ដោយឡែក ជុំវិញប្រតិកម្មនេះដែរ លោក Paul Heroux ជាអ្នកជំនាញ កិច្ចការតំបន់មជ្ឈិមបូព៌ា បានកត់សម្គាល់ថា  អឺរ៉ុប ទំនងជានឹងមិនដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ តាមសហរដ្ឋអាមេរិកនោះឡើយ ដោយសារតែពួកគេគិតថា បច្ចុប្បន្នអ៉ីរ៉ង់មិនមែនជាបញ្ហាធំ។ ប៉ុន្តែ អឺរ៉ុប អាចនឹងដើរតួជាភាគីទីបី ដោយមិនឈរនៅខាង សហរដ្ឋអាមេរិកទាំងស្រុង ហើយក៏មិននៅខាងអ៉ីរ៉ង់ដែរ។

អ៉ីរ៉ង់ចង់បានអ្វីឱ្យប្រាកដ? បើតាមលោក Paul Heroux អ៉ិរ៉ង់ទំនងជាអាចនឹងយកគំរូតាម កូរ៉េខាងជើង ក្នុងការផលិតអាវុធ នុយក្លេអ៊ែរ។ លោក Heroux បានលើកឡើងដូច្នេះថា៖ «ឈរលើមូលដ្ឋាន ដែលលោក ដូណាល់ ត្រាំ បានផ្ដល់ការគោរព  និងសម្បទានមួយចំនួន ដល់ទីក្រុងព្យុងយ៉ាង អ៉ីរ៉ង់អាចនឹងសម្លឹងមើល ការផលិតអាវុធនុយក្លេអ៊ែរដែរ ដើម្បីមានទឹកមាត់ប្រៃ និយាយជាមួយអាមេរិក»។

ប៉ុន្តែ លោក Daniel McAdams មកពីវិទ្យាស្ថាន Ron Paul ដើម្បីសន្តិភាព និងការរីកចំរើន យល់ផ្សេងពីនេះ ដោយលោកគិតថា អ៉ីរ៉ង់ បង្កើនការចម្រាញ់ និងស្ដុកទុកអ៊ុយរ៉ាញ៉ូមឡើងវិញ គ្រាន់តែដើម្បីចង់បង្ខំឱ្យអ៉ឺរ៉ុប ឬអាមេរិក ត្រឡប់មករកតុចរចា វិញតែប៉ុណ្ណោះ។

គួរជម្រាបថា ក្រៅតែពីបង្កើនការចម្រាញ់ អ៊ុយរ៉ាញ៉ូមឡើងវិញ អ៉ីរ៉ង់ក៏បានព្រមានអឺរ៉ុបដែរថាខ្លួននឹង កាត់បន្ថយ ឬក៏លុបចោល ការប្ដេជ្ញាចិត្តនានា នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជារៀងរាល់៦០ថ្ងៃ ម្ដង បើអឺរ៉ុបមិនអាចជួយសង្រ្គោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរបាន  ខណៈអាមេរិក ដកខ្លួនចេញដោយ ឯកភាគី និងកំពុងដាក់ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង៕

ដកស្រង់ពី៖ Fresh News