Social Network

ប្រធានាធិបតីប្រេស៊ីលចង់តែងតាំងកូនប្រុសខ្លួន ធ្វើអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក តែត្រូវការសភាអនុម័តសិន

(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) នាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប្រស៊ីល) បានបញ្ជាក់ថា  លោកកំពុងតែពិចារណា ជ្រើសតាំងកូនប្រុសរបស់លោកឈ្មោះ អេឌូអាឌូ បូលសូណារ៉ូ (Eduardo Bolsonaro) ឲ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូត ប្រេស៊ីលប្រចាំនៅសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងពិធីកាន់តំណែងនាយកថ្មី នៃទីភ្នាក់ងារស៊ើបអង្កេតការណ៍សម្ងាត់ប្រេស៊ីល លោកប្រធានាធិបតីប្រេស៊ីល បានលើកឡើងថា  បើតាមគំនិតលោក គឺកូនប្រុសលោករូបនេះ អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលបន្ទុក កិច្ចការងារផ្សេងៗនៅវ៉ាស៊ីនតោន  ហើយលោកបានបញ្ជាក់ថា ការពិចារណាលើរឿងនេះ ត្រូវបានធ្វើឡើងតាំង តែពីឆ្នាំមុនមកម្ល៉េះ ដើម្បីវាយតម្លៃលើគុណសម្បត្តិ  និងគុណវិបត្តិផ្សេងៗ។

គួរជម្រាបថា ខណៈលោក Eduardo Bolsonaro បច្ចុប្បន្នមានមុខតំណែងក្នុង គណៈកម្មាធិការ ទំនងទំនងការបរទេស នៃសភា តំណាងរាស្រ្តប្រេស៊ីល លោកមិនធ្លាប់កាន់តួនាទីការទូតពិតប្រាកដ ណាមួយពីមុនមកឡើយ។

ស្ថានទូតប្រេស៊ីល ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន  លែងមានឯកអគ្គរដ្ឋទូត ចាប់តាំងពីខែមេសា ឆ្នាំ២០១៩នេះ នៅពេលលោក Jair Bolsonaro បានផ្ទេរឯកអគ្គ រដ្ឋមុន ឲ្យត្រឡប់មកធ្វើការ ក្នុងក្រសួងការបរទេសប្រេស៊ីលវិញ។យ៉ាងណាមិញ ការតែងតាំងឯកអគ្គរដ្ឋទូតថ្មី នឹងត្រូវតែឆ្លងកាត់ការអនុម័ត យល់ព្រមពីសភាប្រេស៊ីល ទើបអាចសម្រេចជាផ្លូវការបាន៕

ដកស្រង់ពី៖ Fresh News