Social Network

អាមេរិកអះអាងដោយផ្ទាល់ថា គ្រាប់មីស៊ីលផ្លោងកូរ៉េខាងជើង ពិតជាអាចបាញ់ដល់គ្រប់ទិសទីទាំងអស់...

(សេអ៊ូល)៖ កងទ័ពអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង (USFK) បានឱ្យដឹងថា មីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 របស់កូរ៉េខាងជើង  មានសមត្ថភាព បាញ់ដល់ទីតាំងដីគោក គ្រប់ទីកន្លែងទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ហើយដែលនេះ គឺជាការវាយតម្លៃផ្លូវការ ដំបូងបំផុត ពីសមត្ថភាព មីស៊ីលអន្តរទ្វីប នៃរបបដឹកនាំ លោក គីម ជុងអ៊ុន ដែលចេញពីមាត់សហរដ្ឋអាមេរិកផ្ទាល់។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។ នៅក្នុងការវាយតម្លៃ ប្រចំាឆ្នាំរបស់ខ្លួន ចេញផ្សាយនៅសប្ដាហ៍នេះ USFK បានបញ្ជាក់ទៀតថា មីស៊ីល Hwasong-15 ដែលកូរ៉េខាងជើង បានធ្វើតេស្ដ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចបាញ់បានក្នុងចំងាយ ១២,៨៧៤គីឡូម៉ែត្រ ដែលជាចំងាយនេះ អាចបាញ់ដល់ទីតាំង  ដីគោកគ្រប់ទីន្លែង នៅក្នុងសហរដ្ឋអាមេរិកតែម្តង។

គួរបញ្ជាក់ថា ក្រៅពី Hwasong-15 កូរ៉េខាងជើង នៅមានមីស៊ីលអន្តរទ្វីប Hwasong-13 និង Hwasong-14។ មីស៊ីល Hwasong-13 អាចបាញ់បានក្នុងចំងាយ ៥,៥០០ គីឡូម៉ែត្រ រីឯ Hwasong-14 អាចបាញ់បានចំងាយ ១២,៨៧៤គីឡូម៉ែត្រ ដែលជាចំងាយអាចរត់ទៅ ដល់ទឹកដីរបស់សហរដ្ឋអាមេរិក។ ប្រការហេតុនេះក៏ត្រូវបានគេជឿជាក់ថា ជាហេតុផលដែលបាននាំឲ្យ សហរដ្ឋអាមេរិក  ព្រមបើកការចរចា ជាមួយកូរ៉េខាងជើង នៅឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News