Social Network

ខ្យល់មូសុងដ៏សាហាវ បានកំទេចជម្រក៥ពាន់ ក្នុងជំរុំ Rohingya នៅបឹងក្លាដេស

យ៉ាងហោចណាស់មានមនុស្ស ១០នាក់ ត្រូវបានសម្លាប់ និងផ្ទះខ្ទមរខេករខាករាប់ពាន់ខ្នង ត្រូវបានបំផ្លាញចាប់តាំងពីខែមេសា ដោយសារភ្លៀងមូសុង ក្នុងជំរុំជនភៀសខ្លួន Rohingya ដ៏ណែនណាន់តាន់តាប់ នាភាគអាគ្នេយ៏ប្រទេសបឹងក្លាដេស នេះបើតាមមន្រ្តីប្រាប់កាលពីថ្ងៃអាទិត្យ។

នាយកដ្ឋានឧត្តុនិយមរបស់បឹងក្លាដេស បានប្រាប់ថា ស្រុកកាហ្សាក់ មានភ្លៀងធ្លាក់យ៉ាងហោចណាស់៥៨.៥ស.ម ចាប់តាំងពីថ្ងៃទី២ កក្កដាមក ហើយវា ជាផ្ទះរបស់ជនម៊ូស្លីម Rohingya ១លាននាក់ ដែលបានភៀសខ្លួនពីការកំទេចផ្នែកយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។

ស្រ្តីអ្នកនាំពាក្យអង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ (IOM) បានប្រាប់ថា ទឹកភ្លៀងខ្លាំងៗ បាននាំមកនូវបំណាក់ដីក្នុងជំរុំជនភៀសខ្លួន ដែលភាគច្រើនសាងសង់លើជម្រាលភ្នំ ដោយបំផ្លាញជម្រកឬស្សី និងតង់ចំនួនប្រមាណ ៤.៨៨៩។

បំណាក់ដីច្រើនជាង២០០ ត្រូវបានគេរាយការណ៏ចាប់តាំងពីខែមេសាក្នុងជំរុំ ដែលកសាងជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ហើយមានមនុស្សហោចណាស់ជិត១០ ត្រូវបានសម្លាប់ នេះបើតាមរបាយការណ៏អង្គការសហប្រជាជាតិ។

នៅសប្តាហ៍ចុងក្រោយតែមួយ ជនភាគតិច២នាក់ Rohingya បានស្លាប់ ហើយមនុស្ស៦ពាន់នាក់ផ្សេងទៀត ត្រូវគ្មានជម្រករស់នៅដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងនោះ។ ជនភៀសខ្លួនដែលផ្លាស់ប្តូរទីលំនៅ បាននិយាយថា ពួកគេបានទទួលរងគ្រោះ ដោយសារទឹកភ្លៀង បង្អាក់ការដឹកជញ្ជូន និងសកម្មភាពប្រចាំថ្ងៃនៅក្នុងជំរុំ។

ស្រ្តីអ្នកនាំពាក្យអង្គការស្បៀងអាហារពិភពលោក បាននិយាយថា ពួកគេ ត្រូវតែបង្កើនជំនួយយ៉ាងច្រើននៅក្នុងជំរុំ ដើម្បីទប់ទល់នឹងខ្យល់មូសុង។ កាលពីឆ្នាំមុន ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានផ្លាស់ប្តូរជន Rohingya ៣ម៉ឺននាក់ចេញពីតំបន់នោះ ដោយគិតដល់ហានិ-ភ័យកម្រិតខ្ពស់នៃបំណាក់ដី។

ទឹកភ្លៀងខ្លាំងៗ ជាញឹកញាប់បង្កនូវទឹកជំនន់ និងបំណាក់ដីនៅស្រុកភ្នំភាគអាគ្នេយ៍ប្រទេសបឹងក្លាដេស ហើយកាលពីឆ្នាំ ២០១៧ យ៉ាងហោចណាស់ មនុស្ស១៧០នាក់ ត្រូវបានសម្លាប់។

ប្រទេសបង់ក្លាដេស ចង់ផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនដល់ទៅ ១០ម៉ឺននាក់ ទៅកាន់កោះ Bhashan Char ជាកោះដាច់ស្រយាលមួយនៅឈូងសមុទ្រ Bengal ប៉ុន្ដែនេះត្រូវបានជំទាស់ដោយជនភៀសខ្លួននិងក្រុមសិទ្ធិមនុស្សអន្តរជាតិ នេះបើតាមការផ្សាយរបស់ Channel News Asia នៅថ្ងៃចន្ទ។