Social Network

អ៊ីរ៉ង់ប្រកាសនៅយូអិន៖ អ៊ីរ៉ង់គ្មានបំណងយកកម្មវិធីមីស៊ីល ទៅចរចាជាមួយអាមេរិកឡើយ ហើយវាក៏គ្មានថ្ងៃអាចកើតឡើង

(តេហេរ៉ង់)៖ អ៊ីរ៉ង់បដិសេធ យ៉ាងដាច់អហង្កា ចំពោះការលើកឡើងថា ខ្លួនមានបំណង ចង់លើកយកកម្មវិធី មីស៊ីលរបស់ខ្លួន  មកចរចា ជាមួយភាគីអាមេរិក ព្រោះរឿងបែបនេះ គឺមិនអាចកើតមានឡើងនោះឡើយ។

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្តដា ឆ្នាំ២០១៩។ អ្នកនាំពាក្យប្រទេសអ៊ីរ៉ង់  ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា «ទោះបីជាស្ថិតក្នុងលក្ខខណ្ ឌកម្មណាក៏ដោយ ក៏កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ មិនអាចត្រូវយកមកចរចាបានដែរ»។

ការបដិសេធនេះត្រូវបាន ធ្វើឡើងនៅក្រោយ លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ មូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានលើកឡើង ក្នុងបទសម្ភាសន៍មួយថា កម្មវិធីមីស៊ីលរបស់ខ្លួន អាចនឹងចរចាគ្នាបាន ដរាបណាទណ្ឌកម្ម ត្រូវបានដក។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកម្តៅខ្លាំងឡើង នៅក្រោយពីលោកប្រធានាធិបតី  ដូណាល់ ត្រាំ សម្រេចចិត្តដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ជាឯកតោភាគី កាលពីឆ្នាំ២០១៨ កន្លងទៅនេះ។

ជាការឆ្លើយតប ភាគីអ៊ីរ៉ង់បានប្រកាស កាលពីដើមខែកក្កដានេះថា ខ្លួនបានបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម លើសពីអ្វីដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។ ប៉ុន្តែប្រទេសនេះ នៅតែអះអាងថា ខ្លួនគឺគ្មានបំណងបង្កើត អាវុធនុយក្លេអ៊ែរនោះទេ  ព្រោះបើចង់មានអាវុធនេះមែន គឺអ៊ីរ៉ង់អាចមានយូរណាស់ហើយ៕

ដកស្រង់ពី៖ Fresh News