Social Network

អាមេរិកទម្លាក់ទណ្ឌកម្មលើអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ដទៃៗទៀត ដោយហាមជាន់ទឹកដីអាមេរិក

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាស ដាក់ទណ្ឌកម្មលើ អគ្គមេបញ្ជាការយោធា មីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) និងថ្នាក់ដឹកនាំ យោធាជាច្រើននាក់ទៀត ដោយហាមឃាត់ពួកគេ ធ្វើដំណើរមកកាន់  សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។ ក្រៅពីលោក Min Aung Hlaing ការសម្រេចចិត្ តដាក់ទណ្ឌកម្មនេះ ក៏ត្រូវអនុវត្តន៍ផងដែរ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ជាន់ខ្ពស់បីរូបទៀត ក្នុងនោះរួមមាន លោក សឿ វីន (Soe Win) ព្រមទាំងក្រុមគ្រួសារ របស់មន្ត្រីយោធាទាំងនេះ ដែលសុទ្ធសឹងតែជាប់បម្រាម មិនឲ្យចូលមកក្នុងសហរដ្ឋអាមរិក។

បន្ថែមពីខាងលើនេះ ការដាក់ទណ្ឌកម្ មនេះទៀតសោត គឺជាការឆ្លើយតប របស់សហរដ្ឋអាមេរិក ទៅនឹងការចោទប្រកាន់  របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើភាពអសកម្ម និងកង្វះទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការ ធ្វើទុក្ខបុកម្នេញ និងសម្លាប់ជនជាតិ ដើមភាគរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួរជម្រាបថា ការប្រកាសដាក់ទណ្ឌកម្មខាងលើ ធ្វើឡើងចំពេលនៃសន្និសីទ អន្តរជាតិថ្នាក់ រដ្ឋមន្ត្រីស្ដីពីសេរីភាពជំនឿ រៀបចំឡើងដោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ក្រោមការចូលរួម ពីតំណាងជនជាតិដើមរ៉ូហ៊ីងយ៉ា នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។

កាលពីឆ្នាំ២០១៧ យោធាមីយ៉ាន់ម៉ា ដោយផ្អែកលើការបង្រ្កាប ក្រុមភេរវករ បានដឹកនាំប្រតិបតិ្តការយោធា នៅក្នុងរដ្ឋ រ៉ាឃីន (Rakhine)។ ប៉ុន្តែប្រតិបត្តិការយោធានេះ ត្រូវបានក្រុមឃ្លាំមើលអន្តរជាតិ ចោទប្រកាន់ថា បានបណ្ដាលឱ្យជនជាតិរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ បាត់បង់ជីវិត និងច្រើនជាង ៧៣០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដែស ទាំងលំបាកវេទនាបំផុត។

ចំណែកឯក្រុមអ្នកជំនាញ UN បានចាត់ទុកប្រតិបត្តិការ យោធានេះថា មានចេតនាបោស សំអាតពូជសាសន៍រ៉ូហ៊ីងយ៉ា និងជាទង្វើរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបរាជ័យអនុម័ត សេចក្ដីថ្លែងការណ៍ថ្កោលទោស និងចាតវិធានការ ឆ្លើយតបជាច្រើនលើកដោយសារ កាលណោះមានការជំទាស់ ពីប្រទេសរុស្ស៊ី និងចិន ដែលសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលមានអំណាចលើបញ្ហានេះ៕

ដកស្រង់ពី៖ Fresh News