Social Network

សភាអាមេរិក អនុម័តដំណោះស្រាយហាម លោក ដូណាល់ ត្រាំ លក់អាវុធឱ្យបណ្ដាប្រទេសអារ៉ាប់

 (វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ បានអនុម័ត លើដំណោះស្រាយចំនួន៣  ដើម្បីរារាំងរដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការលក់អាវុធ ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម  ដោយគា្មនការ ត្រួតពិនិត្យ ឬការយល់ព្រមពីសភា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ដំណោះស្រាយចំនួន៣ខាងលើ ក្នុងនោះមានដំណោះស្រាយចំនួន២ ត្រូវបានអនុម័ត នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសំឡេងគាំទ្រ ២៣៨ ទល់នឹង១៩០សំឡេង ខណៈដំណោះស្រាយ ទី៣ក្នុងសំឡេង២៣៧ ទល់នឹង១៩០សំឡេង។

ម្យ៉ាងវិញទៀត ការបោះឆ្នោតអនុម័តនេះ ទៀតសោត ក៏ធ្វើឡើងជាការឆ្លើយតប ទៅនឹងលោក ដូណាល់ ត្រាំ ផងដែរ ដែលបានប្រកាស កាលពីខែឧសភា ពីភាពបន្ទាន់និងចំាបាច់ ក្នុងការលក់អាវុធមានតម្លៃជាង ៨.១ពាន់លានដុល្លារ ដល់សម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ ការគំរាមកំហែងពីអ៉ីរ៉ង់។

គួររំលឹកថា កាលពីខែមិថុនា ព្រឹទ្ធសភាគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋ ក៏បានអនុម័ត ផងដែរ លើដំណោះស្រាយបិទខ្ទប់  ការលក់អាវុធ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ ប៉ុន្តែ ខាងសេតវិមានបានបញ្ជាក់ថា លោកត្រាំ នឹងប្រើសិទ្ធិវេតូ ជំទាស់នឹងការសម្រេចចិត្តនេះ៕

ដកស្រង់ពី៖ Fresh News