Social Network

ហត្ថលេខាប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ នឹងត្រូវបញ្ជូនទៅកាន់ UN ដើម្បីថ្កោលទោសទណ្ឌកម្មអាមេរិក

 (ការ៉ាកាស់)៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា ទីក្រុងការ៉ាកាស់ នឹងផ្ញើលិខិតថ្កោលទោស ការដាក់ទណ្ឌកម្ មរបស់អាមេរិក ដែលមានហត្ថលេខា ប្រជាជនវេណេស៊ុយអេឡា រាប់លាននាក់ ទៅកាន់អង្គការ សហប្រជាជាតិ (UN)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។ លោក ម៉ាឌូរ៉ូ បាននិយាយនាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា «វាគឺសារលិខិតជូនចំពោះ អង្គការសហប្រជាជាតិ និងប្រមុខស្ថាប័នអន្តរជាតិនេះ គឺលោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ដែលយើងនឹងផ្ញើទៅ ដោយភ្ជាប់ជាមួយហត្ថលេខា របស់ប្រជាជនវេណេស៊ុយអេឡា រាប់លាននាក់»។

នាឱកាសនោះលោក ម៉ាឌូរ៉ូ ក៏បានប្រកូកប្រកាស ឲ្យជនរួមជាតិវេណេស៊ុយអេឡាទាំងអស់ ចូលរួមធ្វើបាតុកម្ មតវ៉ាប្រឆាំងនឹងនយោបាយ ដ៏អាក្រក់របស់រដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថែមទៀត។

គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កករាល់ទ្រព្យសម្បត្តិទាំងអស់ ដែលជាកម្មសិទ្ធិ របស់រដ្ឋបាភិបាល វេណេស៊ុយអេឡា នៅក្នុងសហរដ្ឋអាមេរិក បន្ថែមពីលើទណ្ឌកម្មសេដ្ឋកិច្ច និងការទូតជាច្រើន ទៀត ដែលត្រូវបានដាក់ នាពេលកន្លងមក។

ដោយឡែក ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឈែល បាសេឡេត (Michelle Bachelet) ក៏បានរិះគន់យ៉ាងខ្លាំង លើសហរដ្ឋអាមេរិកផងដែរ ចំពោះការសម្រេចចិត្ តដាក់ទណ្ឌកម្មប្រឆាំង រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយអះអាងថា វាមានតែធ្វើឱ្យប្រជាជន វេណេស៊ុយអេឡារាប់លាននាក់ រងការឈឺចាប់តែប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Fresh News