Social Network

ហោចណាស់មានមនុស្ស៦០នាក់ បានស្លាប់ក្នុងការផ្ទុះរថយន្តដឹកប្រេង ក្នុងប្រទេសតង់ហ្សានី

ហោចណាស់មានមនុស្សចំនួន៦០នាក់ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរថយន្តដឹកប្រេងសាំងមួយបានក្រលាប់ផ្ទុះ ក្នុងតំបន់ Morogoro ប្រហែល 200 km ពីរដ្ឋធានីពាណិជ្ជកម្ម Dar es Salaam នេះបើតាមសំដីមន្រ្តីម្នាក់ប្រាប់។

មនុស្ស៧២នាក់ផ្សេងទៀត គឺរងការឆេះខ្លោចយ៉ាងដំណំ ដោយសារពួកគេ បានព្យាយាមត្រង់ប្រេងសាំងដែលហូរចេញពីរថយន្តដឹងប្រេងនោះ នេះបើតាមសំដីស្នងការប្រចាំតំបន់ Morogoro ។

“យើង កំពុងឋិតក្នុងស្ថានភាពដ៏វេទនាមួយ ដោយអ្នកសង្រ្គោះ ដែលរួមមានទាហានមកពីកងកម្លាំងការពារជាតិប្រទេសតង់ហ្សានី គឺមានវត្តមាននៅកន្លែងកើតហេតុ ដើម្បីព្យាយាមជួយសង្រ្គោះជនរងគ្រោះផងដែរ” នេះបើលោកស្នងការ ប្រាប់ដល់កាសែតស៊ិនហួរ តាមទូរស័ព្ទ ចំនួនអ្នកស្លាប់ អាចកើនឡើងដោយសារតែជនរងគ្រោះមួយចំនួនធំ មានការឆាបឆេះធ្ងន់ធ្ងរ និងត្រូវបានប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យតំបន់ Morogoro ។

យោងតាមមន្រ្តី ឧបទ្ទហេតុនេះ គឺកើតឡើងនាម៉ោង៨ព្រឹក ម៉ោងក្នុងស្រុក នៅពេលដែលឡានដឹកប្រេងនោះ បានកំពុងធ្វើដំណើរពីរដ្ឋធានី Dar es Salaam ទៅកាន់ទីក្រុងដែលឋិតនៅតំបន់ខ្ពស់ ហើយបានក្រឡាប់ នៅពេលដែលអ្នកបើកករ បានព្យាយាមជៀសពីការបុកអ្នកជិះម៉ូតូម្នាក់ នៅពេលដែលឡាននោះក្រឡាប់ ប្រជាជនភាគច្រើនដែលជាយុវជន បានចាប់ផ្តើមត្រង់ប្រេង ហើយអ្នកជនរងគ្រោះម្នាក់ក្នុងចំណោមនោះ បានព្យាយាមផ្តាច់អាគុយឡាននោះ ហើយបង្កជាអគ្គិភ័យដែលបានដុតមនុស្សដែលនៅជុំវិញតំបន់នោះតែម្តង។

អគ្គិភ័យដ៏ធំសំបើ បានឆាបឆេះតំបន់នោះដោយសម្លាប់មនុស្សម្នាដែលនៅក្បែរៗនោះ។ វាជាស្ថានភាពដ៏អាក្រក់ មិនដែលមានបទពិសោធន៍ពីមុនមកទេ នេះបើតាមលោកស្នងការខាងលើបន្ថែម។