(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យមានកិច្ចប្រជុំផ្ទាល់ខ្លួន មួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីដោះស្រាយ វិបត្តិបច្ចុប្បន្ន នៅក្នុងទីក្រុងហុងកុង ខណៈមេដឹកនាំអាមេរិករូបនេះ ក៏ទើបតែចេញមុខច្រានផងដែរ ចំពោះការចោទប្រកាន់ថា សហរដ្ឋអាមេរិក ជាបាតដៃខ្មៅដែលចូលមកច្របល់បញ្ហា នៅទីក្រុងសេដ្ឋកិច្ចលេខ១ ប្រចាំទ្វីបអាស៊ីមួយនេះ។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។ តាមរយៈសារមួយ បង្ហោះលើ Twitter លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគ្មានអ្វីត្រូវសង្ស័យឡើយ ហើយពិតប្រាកដណាស់ លោក ស៊ី អាចដោះស្រាយបញ្ហានៅក្នុងទីក្រុងហុងកុង ដោយសន្តិវិធី...។
ម្យ៉ាងវិញទៀត អ្វីដែលជាការពិត គឺចិនចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូច្នេះទុកឱ្យពួកគេដោះស្រាយ បញ្ហាហុងកុង ដោយសន្តិវិធីជាមុនសិនចុះ»។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពយោធាចិន នៅតំបន់ព្រំដែនជាប់ទីក្រុងហុងកុង ខណៈមានការសន្និដ្ឋានជាច្រើនថា ចិនអាចនឹងធ្វើអន្តរាគមន៍យោធា ដោះស្រាយវិបត្តិក្នុងទីក្រុងមួយនេះ ប៉ុន្តែទីក្រុងប៉េកាំង ក៏បានច្រានចោល នូវការលើកឡើងទាំងអស់នោះផងដែរ និងអំពាវនាវកុំឲ្យមានការលូកដៃ ចូលបញ្ហា នៃទីក្រុងស្វយ័ត របស់ចិនមួយនេះឲ្យសោះ៕
ដកស្រង់ពី៖ Fresh News