Social Network

ថៃ៖ សត្វពស់ជាច្រើនប្រភេទត្រូវលាក់ក្នុងកញ្ចប់ទំនិញ ដើម្បីផ្ញើពីកោះតៃវ៉ាន់ទៅខេត្តឈៀងម៉ៃ

(ថៃ)៖ កញ្ចប់ទំនិញជាច្រើន ផ្ទុកដោយសត្វពស់ តូចៗចំនួន ១២ក្បាល ដែលមានចម្រុះពណ៌ និងប្រភេទផ្សេងៗពីគ្នា ដែលផ្ញើពីកោះតៃវ៉ាន់ ទៅកាន់ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅឯទីតាំងប៉ុស្តិ៍ប្រៃសណីយ៍ ក្នុងទីក្រុងបាងកក។

នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។ មន្ត្រីគយ និងអភរិក្សសត្វព្រៃថៃ បានត្រួតពិនិត្យ ប្រអប់ចំនួន ០២ នៅឯការិយាល័យឡាក់ស៊ី (Laksi) កាលពីថ្ងៃពុធ ហើយបានរកឃើញ សត្វពស់ចំនួន ១២ក្បាល ត្រូវបានលាក់ នៅក្នុងប្រអប់នោះ។

នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងការអភិរក្សព្រៃឈើថៃ បានឲ្យដឹងថា ក្នុងចំណោមកូនសត្វពស់ទាំង ១២ក្បាលនោះ មាន ០៤ក្បាល ជាប្រភេទស្តេចពស់ ខ្មៅម៉ិកស៊ិក, ០៤ក្បាល ជាប្រភេទពស់វែកអាមេរិក, ០៣ក្បាល ជាប្រភេទស្តេចពស់កាលីហ្វ័រញ៉ា  និង ០១ក្បាលទៀត ជាប្រភេទស្តេចពស់ថ្លាន់។

គួរបញ្ជាក់ តាមប្រព័ន្ធផ្សព្វផ្សាយថៃ ឲ្យដឹងទៀតថា សត្វពស់ប្រភេទទាំងអស់នេះ មានតម្លៃប្រមាណ ៧១,៥០០បាត (ជាង ២,៣០០ដុល្លារអាមេរិក) ត្រូវបានផ្ញើទៅកាន់ស្ត្រីម្នាក់ នៅក្នុងខេត្តឈៀងម៉ៃ។ សត្វពស់ទាំង ១២ក្បាលនោះ បន្ទាប់ពីរឹបអូស បានគឺត្រូវបានប្រគល់ឲ្យទៅ ផ្នែកបង្ក្រាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ហើយប៉ូលិស នឹងធ្វើការស្វែងរកអ្នកណា ដែលជាប់ពាក់ព័ន្ធ នឹងករណីរត់ពន្ធសត្វល្មូន ប្រភេទនេះ៕

ដកស្រង់ពី៖ Fresh  News