Social Network

យ៉ាងហោចណាស់មានមនុស្ស ៣១ នាក់ បានស្លាប់ក្នុងពេលរត់ជាន់គ្នានៅឯពិធីសាសនា Ashura នៅ Kerbala ក្នុងប្រទេសអ៊ីរ៉ាក់

យ៉ាងហោចណាស់មនុស្ស ៣១ នាក់ បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃអង្គារ (១០ កញ្ញា) ក្នុងកំឡុងពេលធ្វើពិធី Ashura ដែលជាពិធីសាសនាមូស្លីម Shi'ite នៅក្នុងទីក្រុង Kerbala ភាគខាងត្បូងអ៊ីរ៉ាក់ នេះជាអ្វីដែលមន្ត្រីម្នាក់ប្រចាំនៅទីសក្ការៈបូជា Imam Hussein បានពិពណ៌នាថា ជាការរត់ជាន់គ្នា។

ចំនួនអ្នកស្លាប់ ដែលត្រូវបានប្រកាសចេញដោយក្រសួងសុខាភិបាលអ៊ីរ៉ាក់ ត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយយ៉ាងហោចណាស់មានមនុស្ស ១០ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រសួង មិនបានបង្ហាញពីរបៀបដែលពួកគេត្រូវបានសម្លាប់នោះទេ ប៉ុន្តែមន្ត្រីប្រចាំទីសក្ការៈបូជា បានប្រាប់កាសែតរ៉យទ័រថា ការរត់ជាន់គ្នានេះ បានកើតឡើងនៅច្រកចូលអគារ ដែលមានតុបតែងលម្អរ។

ការធ្វើធម្មយាត្រាប្រចាំឆ្នាំ គឺដើម្បីប្រារព្វរំលឹកខួបនៃការស្លាប់ចៅប្រុស Hussein របស់ព្យាការី (ឬគ្រូបង្រៀនផ្នែកសាសនា) Mohammed នៅក្នុងសមរភូមិ ក្នុងឆ្នាំ ៦៨០ ដោយបានទាក់ទាញប្រជាជនម៉ូស្លីមស៊ីអ៊ីត រាប់សិបពាន់នាក់ទៅកាន់តំបន់ Kerbala មកពីជុំវិញពិភពលោក។

មរណះភាពរបស់ Hussein នៅក្នុងការប្រយុទ្ធគ្នានៅ Kerbala គឺលើបញ្ហាបេក្ខភាពមេដឹកនាំរបស់សហគមន៍អ៊ីស្លាម គឺជាព្រឹត្តិការណ៍មួយដែលបានកំណត់នៅក្នុងភាពច្របូកច្របល់ រវាងនិកាយ Shi'ite និងនិកាយមូស្លីម Sunni ។

ពិធីរំលឹកខួបមរណះភាពរបស់លោក Hussein ពាក់ព័ន្ធនឹងការវាយនឹងរំពាត់ដោយខ្លួនឯង ដោយមានហ្វូងមនុស្សកាន់ទុក្ខជាច្រើន បានធ្វើសេចក្តីទុក្ខវេទនា ដាក់លើខ្លួនឯង និងអ្នកខ្លះទៀត ឆូតក្បាលពួកគេដោយកាំបិត។ ព្រឹត្តិការណ៏រត់ជាន់គ្នានេះ គឺធ្លាប់បានកើតឡើងកាលពីអតីតកាល នេះបើតាមការផ្សាយរបស់ Chanel News Asia កាលពីថ្ងៃអង្គារ។