(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ បានចាត់ទុកថា សកម្មភាពយោធា របស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី «គឺជាទង្វើបង្កអស្ថេរភាព» និងមានតែធ្វើឱ្យភាពតានតឹង កាន់តែឡើងកម្ដៅ ជាងមុនប៉ុណ្ណោះ។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ រួម ក្រោយកិច្ចប្រជុំកំពូល នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសទាំងបី បានសង្កត់ធ្ងន់ដូចៗគ្នា យ៉ាងដូច្នេះថា «ប្រធានាធិបតី នៃប្រទេសទាំងបី បានចាត់ទុកថា សកម្មភាពយោធា របស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី គឺជាទង្វើបង្កអស្ថេរភាព រំលោភលើដែន អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី ហើយវាមានតែធ្វើឱ្យ ភាពតានតឹងផ្ទុះឡើង កាន់តែខ្លាំងប៉ុណ្ណោះ»។
គួរជម្រាបថា អ៊ីស្រាអែលបានដឹកនាំ ការវាយប្រហារ តាមផ្លូវអាកាស ជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ីរី នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដោយសំអាងថា ការវាយប្រហារទាំងនេះ គឺមានគោលដៅ ទៅលើក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ និងបង្ការការប៉ុនប៉ងវាយប្រហារ ណាមួយ មកលើទឹកដីអ៊ីស្រាអែលតែប៉ុណ្ណោះ៕
ដកស្រង់ពី៖ Fresh News