Social Network

លោក ពូទីន បង្ហើប៖ រុស្ស៊ីត្រៀមខ្លួនគ្រប់ពេលដើម្បីលក់ S-400 ឬ S-300 ឲ្យអារ៉ាប៊ីសាអូឌីតទុកការពារខ្លួន

 (អង់ការ៉ា)៖ រុស្ស៊ីបានបង្ហាញពីចេតនា លក់ប្រព័ន្ធមីស៊ីល ការពារដែនអាកាស ឱ្យទៅសេដ្ឋីប្រេង អារ៉ាប៊ីសាអូឌីត បន្ទាប់ពីប្រព័ន្ធការពារ ដែនអាកាសអាមេរិក បរាជ័យក្នុងការទប់ស្កាត់ ការវាយប្រហារ មកលើរោងចក្រប្រេងសំខាន់ៗ ចំនួនពីរកន្លែងនៅលើទឹកដី ប្រទេសមជ្ឈិមបូព៌ាមួយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន News Week នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ យោងតាម newsweek ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល ឱ្យអារ៉ាប៊ីសាអូឌីតយកទៅការពារខ្លួន ខណៈអ៊ីរ៉ង់កំពុងប្រើប្រាស់ ប្រព័ន្ធមីស៊ីល S-300 និងតួកគី ទើបតែចាប់ផ្ដើម ដំឡើងប្រព័ន្ធមីស៊ីល S-400 កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ត្រីភាគីជាមួយសមភាគី អ៊ីរ៉ង់ និងតួកគី ក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃចន្ទសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតអះអាងថា អាវុធដែលប្រើប្រាស់ ក្នុងការវាយប្រហារ លើរោងចក្រប្រេងរបស់ខ្លួន គឺមានប្រភពមកពីប្រទេសអ៊ីរ៉ង់ ហើយសូម្បីតែសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយ ការវាយប្រហារនេះដែរ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ៕

ដកស្រង់ពី៖ Fresh News