Social Network

សហរដ្ឋអាមេរិក មិនស្វែងរកសង្គ្រាម ចំពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ ជុំវិញការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោក មិនបានស្វែងរកការធ្វើសង្រ្គាមជាមួយប្រទេសណាមួយទេ ខណៈទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារទៅលើទីតាំងប្រេងសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត។

នៅពេលត្រូវបានគេសួរ ថាតើអ៊ីរ៉ង់ នៅពីក្រោយការវាយប្រហារនោះ លោក Trump បាននិយាយថា "វាពិតជាទំនងបែបនេះហើយនៅពេលនេះ" ដែលហាក់ដូចជាឃ្លាតឆ្ងាយពីលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសរបស់គាត់ ដែលបានអះអាងកាលពីថ្ងៃសៅរ៍ថាគឺប្រទេសអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារមិនធ្លាប់មានពីមុនមក។

លោកត្រាំ ក៏បាននិយាយផងដែរថា លោក Pompeo និងអ្នកផ្សេងទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅចំណុចណាមួយ ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុនេះ។ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងថាគ្មានមូលដ្ឋាន និងជាការភូតកុហកធំ។

មានការភ័យខ្លាចថា ភាពតានតឹងដែលកំពុងកើនឡើង អាចបង្កជាជម្លោះយោធានៅឈូងសមុទ្រ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ឬអារ៉ាប៊ីសាអ៊ូឌីត។ នៅពេលនិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃច័ន្ទ លោក Trump ក៏បានកត់សម្គាល់ថា ផ្នែកការទូត មិនអស់កម្លាំងទេ នៅពេលទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់នោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។