Social Network

ចំនួនអ្នកស្លាប់កើនដល់២០នាក់ និងរបួស៩៥នាក់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន

(កាប៊ុល)៖ ចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែក របស់ក្រុមតាលីបង់ នៅក្បែរមន្ទីរពេទ្យមួយ កន្លែងស្ថិតនៅភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានកើនដល់២០នាក់ហើយ ខណៈ៩៥នាក់ផ្សេងទៀតរងរបួស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមតាលីបង់ ដែលបានដឹកនាំ ការវាយប្រហារស្ទើតែរាល់ថ្ងៃ ចាប់តាំងពីកិច្ចចរចាសន្តិភាព ជាមួយសហរដ្ឋអាមេរិក ទទួលបរាជ័យនៅដើមខែកញ្ញានេះ បានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺមាន គោលដៅលើអគារនាយកដ្ឋាន ស៊ើបការណ៍សំងាត់ នៃរដ្ឋាភិបាលទីក្រុងកាប៊ុល នៅក្នុងទីក្រុង Qalat នៃខេត្ត Zabul។

ចំណែកឯ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន ក៏បានឱ្យដឹងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់ មានបំណងវាយប្រហារ លើមូលដ្ឋានបណ្ដុះបណ្ដាលមួយ សម្រាប់មន្ត្រីសន្តិសុខជាតិ ប៉ុន្តែរថយន្ដបង្កៃគ្រាប់បែក របស់ពួកគេបែរជា ផ្ទុះនៅក្បែរច្រកចូល មន្ទីរពេទ្យនៅក្នុងតំបន់ទៅវិញ។

គួរបញ្ជាក់ថា ក្រោយកិច្ចចរចាជាមួយ អាមេរិកបានទទួលភាពបរាជ័យ ក្រុមតាលីបង់បានអះអាងថា មនុស្សបន្ថែមទៀត នឹងបាត់បង់ជីវិត ដោយសារតែជម្រើស របស់សហរដ្ឋអាមេរិក ក្នុងការមិនបន្តកិច្ចចរចា ជាមួយពួកគេ៕

ដកស្រង់ពី៖ Fresh News