Social Network

ទីបំផុត! សេតវិមាន បញ្ចេញព័ត៌មានលម្អិតជុំវិញកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ត្រាំ ជាមួយប្រធានាធិបតី អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធនេះ បានបញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធនឹងកិច្ចសន្ទនា តាមទូរស័ព្ទរវាង ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្រោយ គណបក្សប្រជាធិបតេយ្យ បើកការស៊ើបអង្កេតមួយ ដើម្បីដំណើរការនិតិវិធី ចោទប្រកាន់ ឬទម្លាក់រូបលោកចេញ ពីតំណែង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ បើតាមព័ត៌មានលម្អិតខាងលើ  លោក ត្រាំ បានស្នើលោក Zelensky កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅឱ្យបើក ការស៊ើបអង្កេតពីបទពុករលួយ លើគូប្រជែងរបស់លោកគឺ បេក្ខជនប្រធានាធិបតីអាមេរិកនៃ គណបក្សប្រជាធិបតេយ្យ លោក Joe Biden។

ពោលគឺការស៊ើបអង្កេតនេះ មានបំណងបញ្ជាក់ថាតើលោក Biden បានរារាំង ឬក៏បញ្ឈប់ការស៊ើបអង្កេត លើក្រុមហ៊ុនឧស្ម័នដ៏ធំមួយ របស់អ៊ុយក្រែន ដែលកូនប្រុសរបស់ លោកកំពុងធ្វើការឱ្យ ឬក៏យ៉ាងណា។ ព័ត៌មានលម្អិត បានស្រង់សម្ដីលោក ត្រាំ ដូច្នេះថា៖ « មានគេនិយាយជាច្រើន ពីរឿងកូនប្រុសរបស់លោក Biden ហើយលោក Biden ផ្ទាល់បានព្យាយាម បញ្ឈប់ការស៊ើបអង្កេត ហើយមានមនុស្សជាច្រើន ចង់ដឹងថាមានរឿង អ្វីកើតឡើងឱ្យបា្រកដ...»។

លើសពីនេះទៅទៀត លោក ដូណាល់ ត្រាំ ក៏បានប្រាប់លោក Zelensky ផងដែរ ពីវិធីដែលលោក Biden កាលនៅកាន់តំណែង ជាអនុប្រធានាធិបតីអាមេរិក បញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យបណ្ដេញ រដ្ឋអាជ្ញាកំពូលលោក Viktor Shokin ចេញពីតំណែង កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា ក្រុមសមាជិកសភានៃសភា តំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការ ស៊ើបអង្កេតមួយជាផ្លូវការហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែងដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះ បានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក ចូ បៃដិន (Joe Biden) មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

ប៉ុន្តែលោក ត្រាំ បានទាត់ចោល ការចោទប្រកាន់នេះ ជាមួយការសន្យាថា នឹងបញ្ចេញព័ត៌មានលម្អិតពី កិច្ចសន្ទនាជាមួយលោក Zelensky៕

ដកស្រង់ពី៖ Fresh News