Social Network

ផ្សែងអ័ព្ទ គ្របដណ្តប់រាជធានីបាងកក ប្រទេសថៃ

រដ្ឋធានីរបស់ប្រទេសថៃ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទ កាលពីថ្ងៃច័ន្ទ ដោយបានធ្វើឲ្យគុណភាពខ្យល់នៅទីក្រុងបាងកក ឋិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមតំបន់ ដែលត្រូវបានបំពុលខ្លាំងបំផុត នៅលើពិភពលោក។

យោងតាមគេហទំព័រសារព័ត៌មានក្នុងស្រុក Khaosod ដែលបានដកស្រង់ប្រភពពីនាយកដ្ឋានគ្រប់គ្រងការបំពុល បានរាយការណ៍ថា ចំនួនសរុបនៃតំបន់ចំនួន៣៣ នៅទីក្រុងបាងកកបានរំលោភលើកំរិតសុវត្ថិភាព ដោយមានអំណាន PM2.5 លើ៥០។

ខេត្តជិតខាងរដ្ឋធានីបាងកកជាច្រើន ក៏ត្រូវបានគេរាយការណ៏មានការហ៊ុំព័ទ្ធ ដោយផ្សែងពុលនេះផងដែរ។ គុណភាពខ្យល់មិនល្អ គឺបណ្តាលមកពីខ្យល់បក់ និងសំណើមខ្ពស់ចំពេលការផ្លាស់ប្តូររដូវ។

តំបន់នេះ បានទទួលរងនូវគុណភាពខ្យល់អាកាសមិនល្អ ដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី កាលពីប៉ុន្មានសប្តាហ៍មុន។ ស្ថានភាពគ្រោះថ្នាក់ បានធូរស្រាលក្នុងសប្តាហ៍មុន បន្ទាប់ពីមានភ្លៀងធ្លាក់នៅផ្នែកខ្លះនៃកោះ ស៊ូម៉ាត្រា និងកាលីម៉ានតាន់របស់ឥណ្ឌូនេស៊ី ដែលបានធ្វើអោយតំបន់ក្តៅរោលរាលមួយចំនួន ចុះថមថយថាមពលរបស់ខ្លួន នេះបើតាមការផ្សាយរបស់ CAN កាលពីថ្ងៃច័ន្ទ។