Social Network

ជប៉ុនកំពុងត្រៀមខ្លួនខ្លាំងមែនទែនហើយ! ព្យុះទីហ្វុងលើកនេះអាចនឹងអាក្រក់ ដូចនៅឆ្នាំ១៩៥៨ ខណៈជើងហោះហើរទាំងអស់ត្រូវផ្អាក

(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ត្រូវបានគេរាយការណ៍ថា បានផ្អាករាល់ជើងហោះហើរទាំងអស់ នៅក្នុងស្រុក ដែលគ្រោង ចាកចេញពីអាកាសយានដ្ឋាន ទីក្រុងតូក្យូ ខណៈសេវាកម្មធ្វើដំណើរ និងដឹកជញ្ជូនតាមរថភ្លើង ក៏ត្រូវផ្អាកសកម្មភាព ជាបណ្ដោះអាសន្នផងដែរ  ស្របពេលដែលព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារ ប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយ សារព័តមាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។ ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Hagibis អាជ្ញាធរបានលុបចោល ការប្រកួតបាល់អោបពិភពលោក រួមទាំងការប្រកួតប្រណាំងរថយន្ដហោះ Formula One ដែលគ្រោងនឹងធ្វើឡើង នៅចុងសប្ដាហ៍នេះ។

លើសពីនេះទៅទៀត អាជ្ញាធរឧតុនិយមជប៉ុន ក៏បានព្រមានដែរថាព្យុះទីហ្វុងមួយនេះ អាចនឹងក្លាយជាព្យុះទីហ្វុង ដ៏មានឥទ្ធិពលបំផុត  ដែលនឹងវាយប្រហារ លើទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលកាលណោះជប៉ុន ពិតរងគ្រោះធ្ងន់ធ្ងរណាស់  ដោយសារព្យុះទីហ្វុងឈ្មោះអ៊ីដា (Ida) ព្រោះប្រជាជនសរុបចំនួន ១,២៦៩នាក់បានស្លាប់ និងបាត់ខ្លួន ខណៈផ្ទះសម្បែងជាង ១៦,០០០ខ្នងត្រូវបំផ្លាញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងវាយប្រហារ តំបន់ភាគខាងលិច និងភាគខាងកើត នៃប្រទេសជប៉ុន ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្ យចុងសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់បោកប្រមាណ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីទៀតផង។ដោយឡែកប្រជាជនរស់នៅតំបន់ចំពោះមុខព្យុះ ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួន ទៅរកទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នផងដែរ៕

ដកស្រង់ពី៖ Fresh News