Social Network

លោក ត្រាំ ប្រកាសថា «ចិនចាប់ផ្តើមទិញទំនិញកសិកម្មពីអាមេរិកវិញហើយ នៅក្នុងជំហានទី១នៃកិច្ចព្រមព្រៀងចិន-អាមេរិក»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអាទិត្យ បានបញ្ជាក់ឲ្យដឹង ប្រកបដោយមោទនភាពថា  ប្រទេសចិន បានចាប់ផ្តើមទិញ ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិកវិញហើយ នៅក្រោយការសម្រេចបានជំហានទីមួយ នៃកិច្ចព្រមព្រៀង សំដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាង ប្រទេសសេដ្ឋកិច្ចយក្សទាំងពីរ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។ លោក ដូណាល់ ត្រាំ តាមរយៈការបង្ហោះសារ លើបណ្តាញសង្គម Twitter បានគូសបញ្ជាក់ថា នៅក្នុងព្រមព្រៀងរបស់លោក ជាមួយចិន គឺចិននឹងត្រូវចាប់ផ្តើម ទិញផលិតផលកសិកម្មឡើងវិញ ក្នុងចំនួនច្រើនភ្លាមៗតែម្តង មិនមែននៅចាំ រហូតដល់កិច្ចព្រមព្រៀង ត្រូវចុះហត្ថលេខានៅរយៈពេល ៣ ឬ ៤សប្តាហ៍ខាងមុខឡើយ។

បើតាមលោក គឺចិនបានចាប់ផ្តើមធ្វើតាម លក្ខខណ្ឌរបស់លោកហើយ។ ក្រោយការបើក កិច្ចចរចាពាណិជ្ជកម្មឡើងវិញ លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អាមេរិក និងចិន សម្រេចបានដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយភាគីទាំងពីរបានឯកភាពគ្នា លើប្រធានបទជាច្រើនរួមមាន អត្រាប្តូរប្រាក់ ការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា សេវាហិរញ្ញវត្ថុ និងការទិញផលិតផល កសិកម្មអាមេរិកទំហំ ៥០ពាន់លានដុល្លារ ឡើងវិញដោយចិន។

គួរជម្រាបថា ងាកទៅមើលគម្រោងដំឡើងពន្ធពី ២៥ ទៅ ៣០ភាគរយលើទំនិញចិនទំហំ ២៥០ពាន់លានដុល្លារ រដ្ឋមន្រ្តីហិរញ្ញវត្ថុ អាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) កាលពីថ្ងៃសុក្រសប្តាហ៍មុន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនដំឡើងពន្ធនេះទេ ប៉ុន្តែបើតាមសារលើ Twitter កាលពីថ្ងៃអាទិត្យរបស់លោក ត្រាំ ផែនការនេះ គឺគ្មានការផ្លាស់ប្តូរឡើយ ប៉ុន្តែវាសញ្ញាវិជ្ជមានមួយផងដែរ ចំពោះការពន្យារពេលសិន ព្រោះវាអាចជាវិធីសាស្ត្រ របស់សហរដ្ឋអាមេរិក ដើម្បីឈានទៅសម្រេច ឲ្យបាន កិច្ចព្រមព្រៀងធំៗ ផ្សេងទៀតជាមួយចិន៕

ដកស្រង់ពី៖ Fresh News