Social Network

អ្នកជំនាញអន្តរជាតិ៖ «ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី មិនខុសពីដាក់ទោសប្រហារជីវិត ប៉ុន្តែអាមេរិក និងតួកគីប្រហែលជាមានកិច្ចចរចាសម្ងាត់»

 (អង់ការ៉ា)៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ ចប្រឆាំងនឹងតួកគី គឺប្រៀបបានទៅនឹង ការដាក់ទោសប្រហារជីវិត លើរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី អឺដូហ្គាន់ ដែលកំពុងបើកប្រតិបត្តិការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើង ប្រទេសស៊ីរី។

នេះបើតាមការបកស្រាយ ពីអ្នកជំនាញអន្តរជាតិមួយរូប ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

លោក អាប់ឌុលឡាហ៍ បូសឃើត (Abdullah Bozkurt) អ្នកជំនាញផ្នែកកិច្ចការ អន្តរជាតិ ដែលជាប្រធានមជ្ឈមណ្ឌល Stockholm ដើម្បីសេរីភាព ឬ Stockholm Centre for Freedom ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយ Sputnik កាលពីថ្ងៃអាទិត្យម្សិលមិញ និងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរជាទីបំផុតប្រឆាំងតួកគី ជុំវិញប្រតិបត្តិការយោធា បោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើង ប្រទេសស៊ីរី។

លោក Bozkurt បានបន្ថែមទៀតថា សេដ្ឋកិច្ចតួកគី គឺអាស្រ័យយ៉ាងខ្លាំងលើពាណិជ្ជកម្ម និងការវិនិយោគពីខាងក្រៅ ដូច្នេះហើយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងតួកគី គឺប្រៀបបានទៅនឹងការ ដាក់ទោសប្រហារជីវិត លើរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី អឺដូហ្គាន់ ព្រោះវាអាចនឹងធ្វើឱ្យសេដ្ឋកិច្ ចតួកគីក្ស័យធន។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញរូបនេះយល់ថា លោក ដូណាល់ ត្រាំ និងលោក អឺដូហ្គាន់ ប្រាកដជាមាន កិច្ចព្រមព្រៀងសំងាត់ ជាមួយគ្នាមិនខាន មុននឹងទីក្រុងអង់ការ៉ាធ្វើ ប្រតិបត្តិកាយោធា ដោយមិនមានការរារាំង ពីសហរដ្ឋអាមេរិក ខណៈកងទ័ពអាមេរិក ១,០០០នាក់ បានដកខ្លួនចេញពីតំបន់ដែលតួកគី និងឃើដកំពុងវាយប្រយុទ្ធគ្នាហើយ។

លើសពីនេះទៅទៀត ការបើកភ្លើងបៃតង ឱ្យយោធាតួកគីវាយលុក ចូលតំបន់ភាគខាងជើងស៊ីរី ក៏បានផ្ដល់ផលប្រយោជន៍ ឱ្យលោក ត្រាំ នោះគឺជួយសម្រេចការសន្យា ដកកងទ័ពអាមេរិកចេញស៊ីរី ដែលលោកផ្ទាល់ ធ្លាប់បានសន្យាជាមួយ ប្រជាជនអាមេរិក ហើយមិនតែប៉ុណ្ណោះ លោកក៏អាចទម្លាក់ការទទួលខុសត្រូវ លើពួក ISIS ទៅឱ្យលោក អឺដូហ្គាន់ ផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ របស់តួកគី បានឈានដល់ថ្ងៃទី ៦ ហើយពេលនេះយោធាតួកគី បានរុលចូលកាន់តែជ្រៅទៅក្នុងទឹកដីស៊ីរី ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា កងទ័ពឃើដ និងកងទ័ពរដ្ឋាភិបាលស៊ីរី បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ទល់នឹងការវាយលុក ពីសំណាក់យោធាតួកគី។

ដោយឡែក ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក៏បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងតួកគីផងដែរ ដោយក្នុងនោះប្រទេសអាល្លឺម៉ង់ និងបារាំង បានប្រកាសមុនគេ ពីការផ្អាកការលក់សព្វាវុធ ឱ្យទីក្រុងអង់ការ៉ា។ ប៉ុន្តែទីក្រុងអង់ការ៉ា បានព្រមានតបវិញថា ខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច៕

 

ដកស្រង់ពី៖ Fresh News