Social Network

លោក អាបេ ចង់ទៅកូរ៉េខាងជើងជួបលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាមួយចំនួន តែកូរ៉េខាងជើងមិនព្រមជាដាច់ខាត!

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្ដែងការខឹងសម្បារ និងប្រើប្រាស់ពាក្យអសុរស លើនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ថែមទៀតផង បន្ទាប់ពីមេដឹកនាំជប៉ុនរូបនេះ ប្រកាសចង់ជួបជាមួយ មេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កូរ៉េខាងជើងបានដឹកនាំ ការធ្វើតេស្ដ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកាលពីថ្ងៃទី៣១ ខែតុលា ប៉ុន្តែជប៉ុនអះអាងថា វាអាចជាមីស៊ីលផ្លោង។ មិនតែប៉ុណ្ណោះ ក៏បានថ្កោលទោស ការធ្វើតេស្ដនេះផងដែរ កំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីប៉ុន្មានថ្ងៃមុន តែទន្ទឹមគ្នាលោកនាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញជាថ្មីពីបំណង ជួបចរចាជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុនជាច្រើននាក់ ដោយអាជ្ញាធរកូរ៉េខាងជើង។

ជាប្រតិកម្មឆ្លើយតប ទូរទស្សន៍កូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍ពីលោក សុង អ៊ីលហូ (Song Il Ho) ដែលជាអគ្គរដ្ឋទូតកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការទំនាក់ទំនងជាជប៉ុន បានលើកឡើងដូច្នេះថា «លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ដែលបាន ថ្កោលទោសលើការធ្វើតេស្ ដប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ដ៏អស្ចារ្យរបស់យើង... គឺជាមនុស្ស...ម្នាក់ដែលកុំសង្ឃឹមបាន ជាន់ទឹកដីទីក្រុងព្យុងយ៉ាងឲ្យសោះ»។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០២ កូរ៉េខាងជើងបានទទួលស្គាល់ថា ខ្លួនបានជាប់ពង្រត់ជនជាតិជប៉ុន ១៣នាក់ នៅចន្លោះពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៨០ ខណៈខាងទីក្រុងតូក្យូអះអាងថា ពលរដ្ឋរបស់ខ្លួនដល់ទៅចំនួន ១៧នាក់ឯណោះ ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងជើងចាប់ពង្រត់៕

ដកស្រង់ពី៖ Fresh News