Social Network

ព្យុះទីហ្វុង Kammuri ដែលកំពុងវាយប្រហារភាគកណ្តាលហ្វីលីពីន ផ្តាច់ជីវិតមនុស្សម្នាក់

 (ម៉ានីល)៖ មនុស្សយ៉ា់ងហោចម្នាក់ បានបាត់បង់ជីវិត ខណៈជាង៣សែននាក់ ត្រូវបានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព  ស្របពេល ដែលព្យុះទីហ្វុងកំណាច Kammuri កំពុងវាយប្រហារ ភាគកណ្តាលប្រទេសហ្វីលីពីន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។ មនុស្សជាង៣៤០,០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន របស់ពួកគេ ក្នុងតំបន់ Bicol ហើយកំពុងជ្រកកោន នៅតាមមជ្ឈមណ្ឌលសុវត្ថិភាព ។ អាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីម៉ានីល ត្រូវបានផ្អាកប្រតិបត្តិការរយៈពេល១២ម៉ោង រហូតដល់ម៉ោង១១៖០០នាទីយប់ថ្ងៃអង្គារនេះ ។

អាកាសចរណ៍ដូចជា Philippine Airlines, Cebu Air និង AirAsia បានផ្អាកជើងហោះហើរសរុប៥០០ជើង ហើយអ្នកដំណើរជាច្រើន នាក់ ត្រូវជាប់គាំងទៅណាពុំរួច។ ព្យុះទីហ្វុង Kammuri ដែលប្រជាជនហ្វីលីពីនហៅថា Tisoy គឺជាព្យុះទីហ្វុងទី២០ហើយក្នុងឆ្នាំ២០១៩នេះ។

វាបាននាំយកមកជាមួយនូវខ្យល់ បោកបក់ល្បឿនចន្លោះ ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្កការខូចខាតដល់លំនៅឋាន និងសំណង់អគារមួយចំនួន ព្រមទាំងធ្វើឲ្យដើមឈើ បង្គោលភ្លើងរួមជាមួយផ្ទាំងបដាជាច្រើនដួលរលំថែមទៀត។ព្យុះទីហ្វុងនេះ ក៏បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈអាជ្ញាធរហ្វីលីពីនបាន ព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបំណាក់ដី និងទឹកជំនន់។

គួរជម្រាបថា ការវាយប្រហាររបស់ព្យុះទីហ្វុងខាងលើ កើតមានឡើងចំពេលដែល ហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេម (SEA Game) ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែធ្នូ នៅទីក្រុងម៉ានីល។ ដោយសារតែវា ការកម្មវិធីប្រកួតមួយចំនួន ត្រូវបានពន្យារពេល ទៅប៉ុន្មានថ្ងៃខាងមុខវិញ ជាពិសេសកីឡាដែលត្រូវប្រកួតនៅលើផ្ទៃទឹក។ ព្យុះទីហ្វុង Kammuri ត្រូវគេព្យាករណ៍ថា នឹងបោកបក់ចេញផុត ពីដែនដីហ្វីលីពីននៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News