Social Network

ធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅរដ្ឋ Minnesota ផ្តាច់ជីវិតទាហានអាមេរិក៣នាក់

 (វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រអាមេរិក មួយគ្រឿងប្រភេទ Black Hawk បានធ្លាក់នៅកណ្តាលរដ្ឋ Minnesota ដែលជាលទ្ធផលទាហានអាមេរិក ៣នាក់បានបាត់បង់ជីវិត។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

អភិបាលរដ្ឋ Minnesota លោក Tim Walz បានឲ្យដឹងថា កងកម្លាំងការពារជាតិអាមេរិកប្រចាំរដ្ឋ Minnesota បានដាច់ការទាក់ទងជាមួយនឹង ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ខ្លួនធុន UH-60 Black Hawk កាលពីវេលាម៉ោង០២៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលា ក្នុងតំបន់នៅសហរដ្ឋអាមេរិក) ហើយក្រោយមកឧទ្ធម្ភាគចក្រនោះ ត្រូវគេរកឃើញថាបានធ្លាក់នៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីក្រុង St. Clould។

គួរជម្រាបថា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់ កំឡុងការហោះតេស្តដើម្បីពិនិត្យមើលគ្រឿងបច្ចេកទេសរបស់វា ចេញពីទីក្រុង St. Cloud។ ការធ្លាក់ឧទ្ធម្ភាគចក្រនេះ បានបណ្តាល់ឲ្យទាហានអាមេរិកទាំង៣នាក់ ដែលបានធ្វើដំណើរលើនោះ បាត់បង់អាយុជីវិតទាំងអស់។ ជាមួយ គ្នានេះ ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើង ដើម្បីកំណត់មូលហេតុឲ្យបានច្បាស់លាស់ នៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នេះ៕

ដកស្រង់ពី៖ Fresh News