Social Network

អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិគុយបា ដោយសារការគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានដាក់ទណ្ឌកម្ មលើរដ្ឋមន្រ្តីការពារជាតិ គុយបា លោក Leopoldo Cintra Frias សម្រាប់ការគាំទ្រដល់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

នេះបើតាមការដក ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។ ការដាក់ទណ្ឌកម្មខាងលើ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តី ការបរទេសអាមេរិក លោក Mike Pompeo។ លោក Pompeo បានលើកឡើងថា ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិគុយបា លោក Cintra Frias មានចំណែកត្រូវចូលរួមទទួលខុសត្រូវសម្រាប់សកម្មភាពរបស់ប្រទេសគុយ ដែលគាំទ្រចំពោះរបបដឹកនាំលោក ម៉ាឌូរ៉ូ នៅវេណេស៊ុយអេឡា។

បើតាមលោក Pompeo ក្រសួងការពារជាតិគុយបា បានចូលដៃជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ធ្វើទុក្ខបុកម្នេញនិងទារុណកម្ម ក៏ដូចជាប្រព្រឹត្តអំពើឃោរឃៅនិងអមនុស្សធម៌ផ្សេងៗ ទៅលើប្រជាជនវេណេស៊ុយអេឡា ដែលមាននិន្នាការប្រឆាំងលោក ម៉ាឌូរ៉ូ។ លោក Leopoldo Cintra Frias ត្រូវបានទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម រួមជាមួយកូនៗពីរនាក់របស់លោក ដែលមានឈ្មោះ Deborah Cintra Gonzalez និង Leopoldo Cintra Gonzalez។

ការដាក់ទណ្ឌកម្មនេះ នឹងហាមឃាត់អ្នកទាំងបីមិនឲ្យឈានជើងចូលទឹកដីអាមេរិក បានដាច់ខាត។ គួរជម្រាបថា តាំងតែពីឆ្នាំ២០១៩មក សហរដ្ឋអាមេរិក និងប្រទេសជាង៥០ទៀតបាននាំគ្នា ទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់ របស់ប្រទេសអាមេរិកឡាទីនមួយនេះ បន្ទាប់ពីលោក Guaido បានប្រកាសលើកខ្លួនឯង ជាអនុប្រធានាធិបតី ហើយចោទការជាប់ឆ្នោតរបស់លោក ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៨ ថាជារឿងបោកប្រាស់។

យ៉ាងណាមិញ រហូតមកទល់ សព្វថ្ងៃនេះ លោក ម៉ាឌូរ៉ូ នៅតែបន្តដឹកនាំប្រទេសវេណេស៊ុយអេឡា ក្រោមការគាំទ្រពេញទំហឹងពីយោធា និងប្រទេសធំៗដូចជារុស្ស៊ី ចិន អ៊ីរ៉ង់ ព្រមទាំងគុយបា៕

ដកស្រង់ពី៖ Fresh News