Social Network

សារព័ត៌មានអ៊ីរ៉ង់មិនផ្លូវការ ចេញផ្សាយពីការផ្តល់រង្វាន់៨០លានដុល្លារ ដល់អ្នកអាចកាត់ក្បាលលោក ដូណាល់ ត្រាំ

 (តេហេរ៉ង់)៖ វែបសាយព័ត៌មានរបស់អ៊ីរ៉ង់មួយ មានឈ្មោះថា En24 បានចេញផ្សាយថា អ៊ីរ៉ង់ហ៊ានចំណាយដល់ទៅ ៨០លានដុល្លារសម្រាប់ជនណាក៏ដោយ ដែលអាចកាត់ក្បាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យកមកឲ្យអ៊ីរ៉ង់បាន ដើម្បីជាការសងសឹក ដល់មេដឹកនាំកំពូល និងការម៉ាក់ងាយ ដល់ប្រជាជាតិអ៊ីរ៉ង់។

នេះបើតាមការដកស្រង់ពីសារព័ត៌មាន បរទេសមួយចំនួន នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។ ទោះបីជាសារព័ត៌មាន អន្តរជាតិមួយចំនួន បានចេញផ្សាយបែបនេះក្តី ប៉ុន្តែសារព័ត៌មានរដ្ឋអ៊ីរ៉ង់ និងមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ មិនបានទទួលស្គាល់ចំពោះព័ត៌មាននេះឡើយ។

ការផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) កំពុងតែដុតបញ្ឆេះជម្លោះ ដែលមានស្រាប់រវាងអាមេរិក និងអ៊ីរ៉ង់ទៅហើយ ដោយប្រទេសទាំងពីរ បាននិងកំពុងគំរាមសងសឹកគ្នាទៅវិញទៅមក តាមរយៈការប្រើប្រាស់មីស៊ីល វាយប្រហារមូលដ្ឋានទ័ព និងតំបន់សំខាន់ៗ។

គួរបញ្ជាក់ថា បើសិនជារដ្ឋាភិបាលអ៊ីរ៉ង់ទទួលស្គាល់ ចំពោះព័ត៌មាននៃការផ្តល់ប្រាក់ ៨០លានដុល្លារ ជារង្វាន់សម្រាប់ជនជាតិអ៊ីរ៉ង់ណា ដែលអាចយកជីវិតលោក ត្រាំ មែននោះ ភាពតានតឹងនឹងកាន់តែ ពុះកញ្ជ្រោលឡើងថែមទៀតមិនខាន។

សម្រាប់ការចុះផ្សាយ អំពីប្រាក់រង្វាន់ ៨០លានដុល្លារអាមេរិក សម្រាប់ការកាត់ក្បាលលោក ដូណាល់ ត្រាំ គឺគ្រាន់តែជាពាក្យសម្តី នៅក្នុងខ្សែវីដេអូមិនផ្លូវការមួយ របស់ជនអណាមិកម្នាក់ប៉ុណ្ណោះ អំឡុងពេលដែលប្រជាជនអ៊ីរ៉ង់ជាច្រើននាក់ កំពុងតែប្រារព្ធពិធីបុណ្យសពជូនលោក Qassem Soleimani ហើយវាត្រូវបានបង្ហោះទៅក្នុងបណ្តាញសង្គម Twitter៕

ដកស្រង់៉ពី៖ Fresh News