Social Network

អាជ្ញាធរអ៉ីរ៉ង់មិនព្រមប្រគល់ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែនដែលធ្លាក់ ទៅឲ្យក្រុមហ៊ុន Boeing ដើម្បីធ្វើការស៊ើបអង្កេត

(តេហេរ៉ង់)៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលប្រទេសអ៉ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅទាំងពីរ របស់យន្តហោះដឹកអ្នកដំណើរ នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លាក់ស្លាប់មនុស្ស១៧៦នាក់ នៅទីក្រុងតេហេរ៉ង់ ទៅឲ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ឬមួយក៏សហរដ្ឋអាមេរិកឡើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។ កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Ukraine International Airlines ដែលមានផ្ទុកមនុស្សសរុបចំនួន១៧៦នាក់ បានធ្លាក់នៅមិនឆ្ងាយប៉ុន្មាន ពីអាកាសយានដ្ឋាន Iman Khomeini នៅឯជាយទីក្រុង តេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់។ 

ហេតុការណ៍ធ្លាក់យន្តហោះនោះ បានផ្តាច់ជីវិតមនុស្សទាំង១៧៦នាក់ ដោយមិនមានម្នាក់ណានៅរួចរស់ជីវិត ឡើយ។ ខណៈប្រអប់ខ្មៅទាំងពីរ គឺប្រអប់ថតសំឡេង និងប្រអប់កំណត់ត្រាទិន្នន័យ ត្រូវអាជ្ញាធរអាកាសចរណ៍អ៉ីរ៉ង់ មិនព្រមប្រគល់ ឲ្យក្រុមហ៊ុន Boeing ពួកគេបានបង្ហាញ ការស្វាគមន៍ក្នុងការសហការជាមួយ ប្រទេសអ៊ុយក្រែន។

ក្រោយការធ្លាក់ យន្តហោះអ៊ុយក្រែននោះ ព័ត៌មានលម្អិត អំពីមូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ត្រូវបាន បញ្ចេញនោះឡើយ  ប៉ុន្តែអ្វីដែលច្បាស់លាស់នោះ គឺក្រុមជំនាញនាដំណាក់កាលដំបូងៗ បន្ទាប់ពីយន្តហោះធ្លាក់បានអះអាងថា បញ្ហាផ្នែកម៉ាស៊ីន បានបង្កឲ្យយន្តហោះបាត់បង់ម្ចាស់ការ និងធ្លាក់ចុះមកលើដីវិញ នៅពេលវាកំពុងព្យាយាមហោះចេញ ពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងតេហេរ៉ង់ (Imam Khomeini)។

គួរបញ្ជាក់តាមសេចក្ដីថ្លែងការណ៍ នៃក្រសួងការបរទេសអ៊ុយក្រែនថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៧៦នាក់ មានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់។ ចំណែកឯស្ថានទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអ៉ីរ៉ង់ ក៏បានអះអាងដែរថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ៕

ដកស្រង់ពី៖ Fresh News