Social Network

មិនចាំបាច់ធ្វើដំណើរទៅអ៉ីរ៉ាក់ឡើយ ពេលនេះរូបថតពីទីអវកាស អាចបង្ហាញទីតាំងមីស៊ីលអ៉ីរ៉ង់ធ្លាក់យ៉ាងច្បាស់

  (វ៉ាស៊ីនតោន)៖ លោកអ្នកមិនចាំបាច់ធ្វើដំណើរ ទៅកាន់ប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តិតយករូបភាព ក្រោយការវាយប្រហារ ដោយគ្រាប់មីស៊ីលអ៉ីរ៉ង់  ទៅលើមូលដ្ឋានទ័ពទាំងពីរកន្លែងរបស់ អាមេរិកនោះឡើយ ដោយពេលនេះរូបភាពនានា ពីផ្កាយរណប ត្រូវបានបញ្ចេញមកហើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។ ផ្កាយរណបមួយចំនួន របស់ក្រុមហ៊ុនស្រាវជ្រាវ ភពផែនដី ដែលមានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វរញ៉ា បានបញ្ចេញរូបភាពមួយចំនួន ដែលត្រូវបានថតពីលើ មូលដ្ឋានទ័ពអាកាសអាមេរិក អេនអាល់អាស្សាដ (Ain al-Assad) ជាមូលដ្ឋានមួយ ក្នុងចំណោមពីរ ដែលត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ ជាច្រើនគ្រាប់ធ្លាក់ចំ។

តាមរយៈរូបភាពនានា ដែលត្រូវបានថតនៅថ្ងៃទី០៨ ខែមករា គ្រប់គ្នាអាចមើលឃើញ នូវមូលដ្ឋានមួយចំនួន  នៅក្នុងបន្ទាយ ត្រូវបានគ្រាប់មីស៊ីលកម្ទេច។ ទោះបីជាបែបនេះក្តី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងរួចទៅហើយថា  គ្មានទាហានអាមេរិកណាម្នាក់ បាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះឡើយ ខណៈមន្ត្រីតំណាងអ៉ីរ៉ង់ នៅអង្គការសហប្រជាជាតិវិញ  ក៏បានគូសបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់រងគ្រោះ ដោយសារគ្រាប់មីស៊ីលរបស់ខ្លួន ដែលត្រូវបានបាញ់កាលពីព្រឹកថ្ងៃពុធនោះដែរ៕

ដកស្រង់ពី៖ Fresh News