Social Network

ប្រធានអង្គការ WHO គោរពស្ញប់ស្ញែងចំពោះក្រុមគ្រូពេទ្យចិន ដែលកំពុងទទួលបន្ទុកយ៉ាងធំធេង ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺ COVID-19

(ហ្សឺណេវ)៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការគោរពដល់គិលានុបដ្ឋាយិកា ដែលកំពុងធ្វើការនៅតំបន់ជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងរីករាលដាល វីរុសកូរ៉ូណាថ្មី ឬ COVID-19 ដោយលោកបានសង្កត់ធ្ងន់ថា ពិភពលោកពេលនេះ ត្រូវតែបង្ហាញពីសាមគ្គីភាពជាមួយពួកគេ ឲ្យខ្លាំងបន្ថែមទៀត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ជុំវិញការចែករំលែក បន្តនូវវីដេអូមួយ ដែលបង្ហាញអំពីរឿងរ៉ាវ នៃគិលានុបដ្ឋាយិកា០៦រូប មើលថែទាំកុមារ០២នាក់  ដែលឪពុកម្តាយរបស់ពួកគេបានឆ្លងវីរុសកូរ៉ូណា ឬ COVID-19 ប្រធានអង្គការសុខភាពពិភពលោករូបនេះបាននិយាយថា បុគ្គលិកសុខាភិបាលទាំងអស់ រួមទាំងគិលានុបដ្ឋាយិកាផងដែរ គឺកំពុងទទួលបន្ទុកដ៏ធំបំផុត  ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលវីរុសកូរ៉ូណា COVID-19 ។

លោក Tedros បាននិយាយយ៉ាងដូច្នេះថា «វីដេអូដ៏រំជួលចិត្តនេះ វាបានបង្ហាញពីការខិតខំប្រឹងប្រែង និងក្តីស្រលាញ់របស់គិលានុបដ្ឋាយិកា ដែលកំពុងវិនិយោគក្នុងការងាររបស់ពួកគេ ដើម្បីជួយសង្គ្រោះអាយុជីវិត។ ឆ្នាំនេះវាសំខាន់ជាងពេលណាៗ ទាំងអស់ ដែលយើងត្រូវបង្ហាញ ពីសាមគ្គីភាព និងការគាំទ្រដល់គិលានុបដ្ឋាយិកា និងពេទ្យឆ្មប»។

លោកបានបន្ថែមថា «យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ ឲ្យវិនិយោគលើផ្នែកគិលានុបដ្ឋាយិកា និងពេទ្យឆ្មប ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ដើម្បីបង្កើនការធានារ៉ាប់រងសុខភាពជាសកល»។

គួរបញ្ជាក់ថា សន្និបាតសុខភាពពិភពលោក បានកំណត់យកឆ្នាំ២០២០ ជាឆ្នាំគិលានុបដ្ឋាយិកា និងឆ្មបអន្តរជាតិ៕

ដកស្រង់ពី៖ Fresh News