Social Network

រដ្ឋកាលីហ្វរញ៉ាត្រៀមសុំទោសជាផ្លូវការ ចំពោះទង្វើដែលបានធ្វើលើ ពលរដ្ឋអាមេរិកដើមកំណើតជប៉ុន កាលពីសង្គ្រាមលោកលើកទីពីរ

 (វ៉ាស៊ីនតោន)៖ រយៈពេលជិត ៨០ឆ្នាំក្រោយ ពីសហរដ្ឋអាមេរិក បានអនុញ្ញាត ឲ្យមានការឃុំឃាំង ពលរដ្ឋអាមេរិក ដើមកំណើតជប៉ុន កំឡុងសម័យសង្រ្គាម លោកលើកទីពីរ នាពេលនេះរដ្ឋកាលីហ្វរញ៉ា របស់អាមេរិក កំពុងត្រៀមខ្លួនសុំទោស ជាផ្លូវការនៅក្នុងសប្តាហ៍នេះ សម្រាប់ការ ចូលរួមចំណែកពាក់ព័ន្ធ សកម្មភាពនាពេលនោះ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមអ្នកតាក់តែងច្បាប់នៃរដ្ឋកាលីហ្វរញ៉ា នឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លើសេចក្តីសម្រេចមួយដែលក្នុងនោះមានបញ្ជាក់ផ្លូវការថា «រដ្ឋកាលីហ្វរញ៉ាសុំទោស ចំពោះការជម្លៀសជនជាតិជប៉ុនដែលរស់នៅសហរដ្ឋអាមេរិក ទាំងបង្ខិតបង្ខំយកទៅដាក់ក្នុងបន្ទាយឃុំឃាំង កាលពីកំឡុងសង្រ្គាមលោកលើកទីពីរ និងសម្រាប់ភាពបរាជ័យរបស់រដ្ឋកាលីហ្វរញ៉ាក្នុងការគាំទ្រ ក៏ដូចជាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋអាមេរិក ដែលមានដើមកំណើតជប៉ុន»។

គួរជម្រាបថា ពលរដ្ឋអាមេរិកមានដើមកំណើតជប៉ុនច្រើនជាង ១២០,០០០នាក់ ត្រូវបានអាជ្ញាធរអាមេរិកជម្លៀស យកទៅដាក់ក្នុងបន្ទាយឃុំឃាំងចំនួន ១០ នៅតាមបណ្តារដ្ឋប៉ែកខាងលិចរបស់សហរដ្ឋអាមេរិក កំឡុងសម័យសង្រ្គាមលោកលើកទីពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ហ្វ្រេងឃ្លូន រូសេវែសត៍ (Franklin D Roosevelt) ចេញបញ្ជាប្រតិបត្តិមួយដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៤២ ពីរខែក្រោយការវាយប្រហាររបស់ជប៉ុន លើមូលដ្ឋានភាលហាប៊ឺ (Pearl Harbor) នៃកោះហាវ៉ៃរបស់អាមេរិក។ កាលពីឆ្នាំ១៩៨៨ ។

រដ្ឋាភិបាលអាមេរិកបានសុំទោសជាផ្លូវការសម្រាប់ការឃុំឃាំងនេះ ដែលបានប្រព្រឹត្តទៅរហូតដល់ឆ្នាំ១៩៤៥ ហើយបានផ្តល់ការសងជំងឺចិត្ត ដល់អ្នកដែលបានឆ្លងកាត់បទពិសោធន៍ជូរចត់នេះផងដែរ៕

ដកស្រង់ពី៖ Fresh News