Social Network

ថៃ៖ ប៉ូលិសជាតិ ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ត្រូវដាក់ឱ្យ «នៅដាច់ដោយឡែកពីគេ»

 (បាងកក)៖ ប៉ូលិសជាតិថៃ១៦នាក់ ត្រូវគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 និង២២០នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដើម្បី បង្ការ និងទប់ស្កាត់ការឆ្លងជំងឺមួយនេះ។

នេះបើតាមលោកឧត្តមសេនីយ៍ឯក Piya Uthayo ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។ បើតាមលោកឧត្តមសេនីយ៍ឯក Piya Uthayo ជាជំនួយការអគ្គស្នងការនគរបាលជាតិថៃ ប៉ូលិសទាំង១៦នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពប្រក្រតី មិនមានអ្វីគួរឱ្យ ព្រួយបារម្ភនោះទេ។

នៅថ្ងៃសុក្រ នេះដែរ អាជ្ញាធរសុខាភិបាលថៃ បានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសបានកើនដល់ ៣២២ករណីហើយ បន្ទាប់ពី អ្នកឆ្លង ៥០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍។ បច្ចុប្បន្ន ថៃមានករណីស្លាប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤៣នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២៧៨នាក់ទៀត នៅតែបន្តការសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ៕

ដកស្រង់ពី៖ Fresh News