Social Network

ចិនរកឃើញ COVID-19 ៣៦ករណីថ្មី ប៉ុន្តែសុទ្ធសឹងតែទាំងអស់ជាករណីនាំចូលមកពីក្រៅប្រទេស ហើយមានអ្នកជំងឺ៧នាក់ទៀតទើបស្លាប់

 (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃ អង្គារម្សិលមិញនេះ ករណី COVID-19 ចំនួន៣៦ករណីថ្មីត្រូវបានរកឃើញ ដោយក្នុងនោះមានតែមួយ ករណីប៉ុណ្ណោះជាករណីឆ្លងក្នុងស្រុក ហើយមិនមែននៅក្នុងខេត្ត Hubei ដែលកន្លងមកជាចំណុចផ្ទុះដំបូង នៃការឆ្លងរាលដាល COVID-19 នៅប្រទេសចិនឡើយ។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។ បើបូកបញ្ចូលជាមួយ៣៥ករណីថ្មីខាងលើ ដែលជាករណីនាំចូល វាបានធ្វើឲ្យចំនួនករណីឆ្លងសរុប ដែលនាំចូលមកពីក្រៅប្រទេស បានកើនដល់ ០៦ករណី បើគិតត្រឹមថ្ងៃអង្គារម្សិលមិញ នៅទូទាំងប្រទេសចិន។

ហើយក្នុងចំណោមករណីឆ្លងនាំចូលទាំងអស់នេះមាន ១១៥ នាក់បានជាសះស្បើយឡើងវិញ ខណៈ ៦៩១ នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាល ដោយក្នុងនោះ២០ នាក់គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៦,២៣៨នាក់ ដោយក្នុងនោះ ១៨៦ នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃអង្គារម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៥៥៤ ករណី ក្នុងនោះ ៣,៣១២នាក់បានបាត់បង់ជីវិត។ និយាយជារួមសម្រាប់ថ្ងៃអង្គារ ទី៣១ ខែមីនា ម្សិលមិញនេះ នៅចិនដីគោក មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៣៦ ករណីប៉ុណ្ណោះ។ ហើយករណីឆ្លងថ្មីទាំងនោះ មានដល់ទៅ៣៥ករណីដែលនាំចូលពីប្រទេសក្រៅ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមាន០៧នាក់៕

ដកស្រង់ពី៖ Fresh News