Social Network

លោកតាអាយុ៩៣ឆ្នាំ ក្លាយជាមនុស្សវ័យចំណាស់បំផុតនៅឥណ្ឌា ដែលអាចរួចផុតពីចង្កូម COVID-19

 (ញូដេលី)៖ លោកតាជនជាតិឥណ្ឌាម្នាក់អាយុ ៩៣ឆ្នាំ និងភរិយាអាយុ ៨៨ឆ្នាំ បានជាសះស្បើយពីជំងឺ COVID-19 ហើយ ក្រោយពីបានឆ្លងវីរុសកូរ៉ូណាថ្មីនេះ មួយខែកន្លងមកហើយ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។ ការជាសះស្បើយខាងលើនេះ ធ្វើឲ្យលោកតាក្លាយជាមនុស្សមានវ័យចំណាស់បំផុត នៅក្នុងប្រទេសឥណ្ឌា ដែលអាចរួចផុតពីចង្កូមមរណនៃវីរុសកូរ៉ូណា ខណៈវាត្រូវបានចាត់ទុកជាករណីដ៏កម្រនៅលើពិភពលោក ព្រោះមនុស្សស្លាប់នៅប្រទេសភាគច្រើន គឺសុទ្ធតែមានវ័យចំណាស់ ដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ និងភាគច្រើនមានជំងឺប្រចាំកាយថែមទៀត។

លោកតា និងលោកយាយខាងលើនេះរស់នៅក្នុងរដ្ឋឃើរ៉ាឡា (Kerala) បានឆ្លងជំងឺ COVID-19 ពីកូនប្រសារដែលបានប្រឡប់មកពីប្រទេសអ៉ីតាលីវិញ។

គិតត្រឹមល្ងាចថ្ងៃពុធនេះ ឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១,៦៣៧ករណី ក្នុងនោះអ្នកជំងឺ ៣៨នាក់ស្លាប់ និង ១២៣នាក់ជាសះស្បើយ។ ទោះជាបែបនេះក្តី នៅរយៈពេល ០២ ទៅ ០៣ថ្ងៃទៀតទើបលោកតា និងលោកយាយអាចចាកចេញពីមន្ទីរពេទ្យបាន៕

ដកស្រង់ពី៖ Fresh News